ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ៖ ក្រុមកីឡាខ្មែរនៅក្រៅប្រទេស ទទួលមេដាយ បានលើកតម្កើងជាតិ ទាំងក្នុងតំបន់ និងសកលលោក

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាត ក្រុមអត្តពលិកកម្ពុជា រស់នៅក្រៅប្រទេស ដែលជាម្ចាស់ជ័យលាភី ម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធចូលជួប មុនពេលជម្រាបលា ពីមាតុភូមិកម្ពុជា ទៅកាន់ប្រទេសរៀងៗខ្លួនវិញ នៅព្រឹកថ្ងៃ១១ ឧសភា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរដល់ពួកគេថា បានលើកតម្កើងកិត្តិនាម កេរ្តិ៍ឈោ្មះកម្ពុជា ទាំងនៅក្នុងតំបន់ និងសកលលោក។

តាមការផ្សាយរបស់ទូរទស្សន៍ជាតិ បានឲ្យដឹងថា “សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី កម្ពុជារស់នៅក្រៅប្រទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ នាពេលកន្លងមក រហូតដល់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ជូនជាតិមាតុភូមិយើងប្រកប ដោយវិជ្ជាជីវៈ គុណផល ភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ និងបានលើកតម្កើងកិត្តិនាម កេរ្តិ៍ឈោ្មះកម្ពុជា នៅក្នុងតំបន់ និងសកលលោក” ។

សម្តេចបន្តថា ជោគជ័យទទួលបានក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ បានបង្ហាញពីពលរដ្ឋខ្មែរ ទោះបីទៅរស់នៅប្រទេសណាក៏ដោយ ប៉ុន្តែពុំបោះបង់ចោលប្រទេសជាតិ ខ្លួនឡើយ ហើយគ្រប់ពេលវេលា ដែលប្រទេសជាតិ ត្រូវការក្រុមកីឡាករ-កីឡាការិនី ក៏ដូចជាពលរដ្ឋដទៃទៀត តែងតែចូលរួមគាំទ្រលើកតម្កើងកិត្តិនាម កេរ្តិ៍ឈ្មោះប្រទេសជាតិ នៅលើឆាកអន្តរជាតិ។

សម្តេចថា ទាំងអស់នេះ បានបង្ហាញពីឆន្ទៈស្នេហាជាតិ ស្រឡាញ់ជាតិមាតុភូមិនោះគឺការសាមគ្គីភាព ឯកភាពជាតិ បាននាំមកនូវជោគជ័យ នៃការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលជាវិស័យមួយតម្រូវឲ្យយុវជនទាំងក្នុង និងក្រៅប្រទេសរួមគ្នាលើក តម្កើងឲ្យកាន់តែខ្លាំងក្លាថែមទៀត ។

គិតមកដល់ម៉ោងប្រមាណជា២រសៀលនេះ កម្ពុជាបានទទួលមេដាយ សរុបចំនួន១៣៧ ក្នុងនោះមាស៤៧ ប្រាក់៤១ និងសំរិទ្ធ៤៩ ៕

To Top