ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលជាការរួមចំណែកក្នុងការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោកផងដែរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយជំនួបរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមអមដោយលោកស្រី Kerry Pelzman ដែលជាប្រធានថ្មីរបស់ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា។
លោកឯកអគ្គរដ្ឋទូតអាមេរិកបញ្ជាក់ថា «សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើគ្រប់វិស័យ រួមមាន ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគបៃតង និងថាមពល ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលរួមចំណែកក្នុងការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោក»។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី Kerry Pelzman ក៏បានលើកឡើងថា ទីភ្នាក់ងារ USAID នឹងបន្តពង្រឹងភាពជាដៃគូ និងខិតខំបង្កើនហិរញ្ញប្បទាន សហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍ នៅកម្ពុជាប្រកបដោយ ចីរភាព និងបរិយាប័ន្ន ដោយបន្តគាំទ្រលើវិស័យអាទិភាព រួមមាន៖ វិស័យសុខាភិបាល, ការអប់រំ, បរិស្ថាន, និងកសិកម្ម តាមរយៈការពង្រឹងភាពធន់ និងតម្លៃបំពេញបន្ថែម ដើម្បីបង្កើនការនាំចេញផលិផលកសិកម្ម និងលើកកម្ពស់សន្តិសុខស្បៀងជាដើម។
លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាខិតខំប្រឹងប្រែងកែ ទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាសអំណោយផល ដល់ការធ្វើអាជីវកម្ម និងការវិនិយោគតាមរយៈការដាក់ឲ្យអនុវត្តច្បាប់ ស្តីពីវិនិយោគ, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥, ក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ យុទ្ធសាស្ត្រអភិវឌ្ឍសហត្រាសធនតូច និងមធ្យមឆ្នាំ ២០៦២-២០២៦ ជាដើម ៕