ព័ត៌មានជាតិ

កម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាន នៃក្រុមអ្នកជំនាញ ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

" "

ភ្នំពេញ៖ លោកអគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានទទួលការគាំទ្រជា អនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Intergovernmental Group of Expert on E-commerce and the Digital Economy) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD)។

កិច្ចប្រជុំលើកទី៦នេះ រៀបចំឡើងក្រោមប្រធានបទ «តើត្រូវធ្វើយ៉ាងណាឲ្យទិន្នន័យរួមចំណែក បានដល់ការសម្រេចរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (How to make data work for the 2030 Agenda for Sustainable Development)»។

" "

ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជា បានដើរតួអ្នកសម្របសម្រួល ក្នុងវគ្គពិភាក្សាចំនួន២ រួមមាន៖ ទី១-វគ្គពិភាក្សាស្ដីពី តម្រូវការជាមុនសម្រាប់ការចែកចាយ ផលចំណេញពីសេដ្ឋកិច្ចឌីជីថលប្រកបដោយសមធម៌ (Prerequisites for a more equitable distribution of gains from the digital economy) និងទី២-ការសម្រួចកិច្ចពិភាក្សា ស្ដីពីអភិបាលកិច្ចទិន្នន័យ ដើម្បីបង្កើនសក្តានុពលនៃ ទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ (Shaping the data governance debate to maximize the development potential of data)។

" "

ក្នុងវគ្គពិភាក្សាទាំងពីរវាគ្មិន និងអគ្គប្រជុំទាំងមូលបានពិភាក្សាគ្នា យ៉ាងផុសផុលលើប្រធានបទដូចជា៖ ការបែកខ្ញែកនៃអភិបាលកិច្ចទិន្នន័យ ក្នុងក្របខណ្ឌសាកល និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើតជាវេទិកាពហុភាគី សម្រាប់ពិភាក្សាលើបញ្ហានេះ ការការពារទិន្នន័យនិងឯកជនភាពនៃទិន្នន័យ បញ្ញាសិប្បនិម្មិត ការយកពន្ធនៅក្នុងសិដ្ឋកិច្ចឌីជីថល បញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយនេះដែរ ក្នុងកម្មវិធីបើកនៃកិច្ចប្រជុំលើកទី៦នេះ ស្ថានបេសកកម្មកម្ពុជា ក៏បានចូលរួមថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ដោយលើកឡើងពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងឆ្នាំ២០៣៥ តាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក៏ដូចជាការចូលរួមក្នុងការបង្កើតវិធាន ស្ដីពីអភិបាលកិច្ចទិន្នន័យ តាមរយៈកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីនានាដែលកម្ពុជាជាសមាជិក។

ជាមួយនោះដែរ ស្ថានបេសកកម្មកម្ពុជា ក៏បានរំលឹកដល់សមាជិកទាំងអស់ អំពីបញ្ហាប្រឈមនានារបស់កម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានស្នើសុំឲ្យ សហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់ការប្រែក្លាយឌីជីថល របស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីឲ្យប្រទេសទាំងនេះ អាចទាញយកផលប្រយោជន៍ ពេញលេញពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕

To Top