ព័ត៌មានជាតិ

កម្ពុជា ជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB ដែលជាស្ថាប័ន សំខាន់ចំណុះឱ្យUN

" "

ភ្នំពេញ ៖ នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរ ក្នុងស្ថាប័នចំណុះចំនួន១៤ នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជាបានជាប់ ក្នុងការបោះឆ្នោតសម្រាប់តំណែង សំខាន់ចំនួនពីរ ដូចខាងក្រោម៖

១.សមាជិកពេញសិទ្ធិរបស់ ក្រុមជំនាញស្តង់ដាគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting – ISAR) សម្រាប់អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និង

" "

២.សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិ ប្រយុទ្ធជំងឺអេដស៍ (Programme Coordinating Board (PCB) of the Joint United Nations Programme on HIV/AIDS – UNAIDS) សម្រាប់អាណត្តិ២០២៣-២០២៥ ដោយគិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

" "

ការជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB បង្ហាញពីទំនុកចិត្តរបស់ សហគមន៍អន្តរជាតិចំពោះកម្ពុជា និងការទទួលស្គាល់របស់សហគមន៍ និងការគ្រប់គ្រង ការរាតត្បាតមេរោគអេដស៍ ប្រកបដោយជោគជ័យ របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការរួមចំណែករបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងពិភពលោក ឱ្យកាន់តែប្រសើរឡើង។ នេះគឺជាសមិទ្ធផលមួយក្នុងចំណោម សមិទ្ធផលគួរឱ្យកត់ សម្គាល់ជាច្រើន ដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការអន្តរជាតិ ។

រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការជឿទុកចិត្ត ពីរដ្ឋាភិបាលទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ ព្រះរាជាណាចក្រកម្ពុជា សម្រាប់តួនាទីដ៏សំខាន់ទាំងនេះ៕

To Top