កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត នាយករង ខុទ្ទកាល័យសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នេះ បានអញ្ជើញសម្ភោធសមិទ្ធិផលនានា នៅវរត្តមុនីរង្សី ស្ថិតក្នុងភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយមានការជ្រោមជ្រែង ពីសំណាក់មហាឧបាសិកា ប៊ុន សាំងលី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជនជិតឆ្ងាយ ព្រះគ្រូ ប្រាក់ កន បានដឹកនាំបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា រហូតដល់ឆ្នាំ ២០១២ ព្រះអង្គលាចាកសិក្ខាបទ។ នៅក្នុងឆ្នាំ ២០១៣ ពុទ្ធបរិស័ទ បាននិមន្តភិក្ខុ មាំង សុវណ្ណៈមកគង់ដឹកនាំវត្តបន្ត ព្រមទាំងដឹកនាំបរិស័ទ កសាងផ្លូវបេតុងចូលក្នុងវត្ត ចំនួន ២ខ្សែ និងដំបូលឧបដ្ឋានសាលា ដល់ឆ្នាំ២០១៧។
ក្នុងឆ្នាំ២០១៨ តបតាមការនិមន្ត របស់លោកអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត, សាលាអនុគណស្រុកស្ទឹងត្រង់ ក៏បានចាត់តាំងភិក្ខុ សុវណ្ណប្បញ្ញោ សម្បត្តិ ប៊ី ឲ្យឡើងជាព្រះចៅអធិការស្តីទី បន្ទាប់មក ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទជិតឆ្ងាយ កសាងឧបដ្ឋាន សាលាបង្ហើយ រួមទាំងសមិទ្ធិផលនានាជាច្រើនទៀត ហើយសមិទ្ធផលដែលនឹងត្រូវដាក់សម្ពោធនាឱកាសនេះរួមមាន៖ ឧបដ្ឋានសាលា មហាកុដិ កម្ពស់ ២ជាន់ ដងទង់មួយគូរ ចាក់បេតុងជុំវិញព្រះវិហារ រួមនឹងអគារសិក្សា១ខ្នង ៦បន្ទប់នៅបឋមសិក្សាអូរុន ដែលស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សីនេះ។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានិត បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត មកដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋ សមត្ថកិច្ច និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅទីនេះ។
លោក ហ៊ុន ម៉ានិត បានបន្តថា សមិទ្ធផលថ្មីៗ នៅក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលនឹងត្រូវកាត់ខ្សែបូល សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តិចទៀតនេះ គឺជាសមិទ្ធផលដែលបានមកពីការរួមគ្នា ពីសប្បុរសជន និងការខិតខំប្រឹងប្រែងគៀងគរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គផងដែរ ។
លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បានអភិវឌ្ឍន៍ទន្ទឹមគ្នា ។ប៉ុន្តែទន្ទឹមនឹងនេះ ប្រសិនបើវិស័យអាណាចក្រ មិនមានការអភិវឌ្ឍទេនោះ ឬក៏ ជីវភាពបងប្អូនប្រជាពលរដ្ឋ មិនមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ក៏គ្មានការចូលរួមចែករំលែក ពីរសប្បុរសជន ដើម្បីអភិវឌ្ឍន៍លើ វិស័យពុទ្ធចក្រនេះផងដែរ។
ប៉ុន្តែដោយសារ មានការអភិវឌ្ឍលើគ្រប់វិស័យនេះហើយ ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋយើងបានល្អប្រសើរ ទើបមានការចែករំលែកពីសប្បុរសជន និងមានការជំរុញឲ្យសាងសង់ នូវសមិទ្ធផលថ្មីៗ តាមបណ្ដាវត្តផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រស្រុកកងមាស ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាយើង ៕