ព័ត៌មានជាតិ

សម្ដេចតេជោ៖ សមាជិកបក្សប្រឆាំង មិនភ្លើដូចមេទៀតឡើយ ខណៈពួកគេដកខ្លួនមក ចូលបក្សប្រជាជនជាបន្តបន្ទាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នាពេល បច្ចុប្បន្ននេះ សមាជិក-សមាជិកា ឬកូនចៅរបស់គណបក្សប្រឆាំងមិនភ្លើដូចមេទៀតឡើយ ខណៈពួកគេបានដកខ្លួន មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្ដបន្ទាប់។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិ កសិកម្មព្រែក លៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដោយសារមេក្រុមប្រឆាំងល្ងង់ ខ្វះការយល់ដឹង ទើបអ្នកដើរតាមខ្លួនជាច្រើន បានមកសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ។

សម្ដេចតេជោ គូសបញ្ជាក់ថា «ប៉ុន្ដែឥឡូវនេះ កូនមិនសូវជាភ្លើទេ កូនដកខ្លួនចូលបក្សប្រជាជន ហូហែរមកចឹង មេកាន់តែភ្លើ កូនគេអ្នកចេះដឹងដែរ គេដកខ្លួនមកជាមួយគណបក្សប្រជាជន។ មេឯង ពូកែធ្វើភ្លើទៀតទៅ ចាំតែអាញភ្លើជាមួយតើ»។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ចំពោះសមាជិក-សមាជិកា របស់គណបក្សនយោបាយនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមានបុគ្គលម្នាក់តែប៉ុណ្ណោះដែល សម្ដេច មិនទទួលយកជាដាច់ខាត។

សម្ដេច គូសបញ្ជាក់ទៀតថា «សមាជិក-សមាជិកាគណបក្សនានា ដែលបានផ្ដាច់ខ្លួន ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំនៅតែបន្តស្វាគមន៍ មានតែមនុស្សម្នាក់គត់ដែលខ្ញុំអត់យក ក្រៅពីនោះខ្ញុំយកទាំងអស់ ឲ្យតែប្រកាសផ្ដាច់ខ្លួនចេញអាជ្រុលនិយមហ្នឹង គឺខ្ញុំទទួលយកទាំងអស់»។

សូមរំលឹកថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសមាជិក-សមាជិកា របស់គណបក្សដទៃ ឬអង្គការនានា បានសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា៕

To Top