ភ្នំពេញ ៖ ដោយទទួលបានបទពិសោធន៍ ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលប្រជាពលរដ្ឋចូលរួម លើសពីការកំណត់ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យមានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅថ្ងៃបិទព្រឹត្តិការណ៍នេះ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ នាថ្ងៃទី១៧ឧសភា ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនជាតិ ។

ការជំរុញលើការងារខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវ យកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ ប្រកួតកីឡានេះ យើងទទួលបានជោគជ័យ និងទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ ។ បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើង ឲ្យកាន់តែល្អជាងមុន។

កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ ទៅលើការរៀបចំសណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិ មរតកតេជោនេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋ បានទៅចូលរួមទស្សនា លើសពីការកំណត់ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមទុកជាមុន។

លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួម លើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុង កំណត់ត្រឹម៥ម៉ឺននាក់ ឡើងដល់ប្រមាណ៦ម៉ឺននាក់ ខាងក្រៅស្តាត ប្រមាណ២ម៉ឺនទៀត សរុប ប្រមាណ៨ម៉ឺននាក់ ។ តែសម្រាប់ថ្ងៃបិទនេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក ។ ដូច្នេះទេត្រូវតែពង្រឹងបន្ថែមទៅតាមការណែនាំ របស់លោកអភិបាលរាជធានី ទាំងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឲ្យព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភាខាងមុខនេះ ដំណើរការទៅដោយរលូននិងទទួលជោគជ័យ ជូនប្រទេសជាតិរបស់យើង៕





