កំពង់ចាម ៖នៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី ចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពពលរដ្ឋស៊ីឈ្នួលដាំដំឡូង ៥នាក់ នៅក្នុងភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ បណ្តាលអោយក្រឡាប់ស្លាប់បាត់បង់ជីវិតចំនួន ៥នាក់។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករទាំង ៥នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ម្តាយ បងស្រី ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលមិននឹកស្មានដល់នេះ។
លោកអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយសម្រាលការលំបាក ជួយរំលែកមរណទុក្ខ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា”។

ជាមួយនេះ លោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពទាំង ៥ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ ។ ចំពោះ បងប្អូន រងរបួស ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត លោក អ៊ុន ចាន់ដា បានណែនាំអោយមន្ទីរពេទ្យយកចិត្តទុកដាក់ព្យាបាលដោយសាខាទទួលបន្ទុកបង់សេវា ហើយបានចាត់អោយលោក នាយកសាខា ចុះសួរសុខទុក្ខ បន្ថែមទៀត ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះទាំង ៥នាក់ ដោយក្នុង ១គ្រួសារសព ទទួលបាន៖
-អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ ២០កំប៉ុង , មី ២កេស និងថវិកា ចំនួន ១,០០០,០០០ រៀល។

ដោយឡែក អនុសាខាកាកបាទក្រហមស្រុកស្ទឹងត្រង់ ក៏បាន ឧបត្ថម្ភជូន ក្នុង ១គ្រួសារសព នូវ អង្ករ ២៥គក្រ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា មួយចំនួនផងដែរ។
គួររំលឹកផងដែរថា ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ពេលពលរដ្ឋស៊ីឈ្នួល ៨នាក់ ( ប្រុស ម្នាក់) ជិះលើគោយន្ត វិលត្រឡប់មកពីដាំដំឡូង ដល់ពាក់កណ្តាលផ្លូវ ចំណុចភូមិតាម៉ៅ ចៃដន្យមានរថយន្ត ១គ្រឿង បើកច្រាស់ទិស ជែងជាមួយរថយន្តដឹកមាន់ ហើយក៏រេចង្កូតជ្រុលទៅបុកទាំងកម្រោលលើគោយន្តដែលឈប់ស្ងៀម រុញទម្លាក់ប្រឡាយ បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែង ៤នាក់ (២នាក់ជាម្តាយចាស់ និងកូនស្រី – ១នាក់ជាស្តី្រវ័យចំណាស់ – ១នាក់ជាអ្នកបើកគោយន្ត ម្ចាស់ចំការ ) និងរងរបួស ៤នាក់ ហើយបានស្លាប់ថែម ១នាក់ទៀត ពេលបញ្ជូនដល់មន្ទីរពេទ្យ៕
