ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមិនអាចកាត់ផ្តាច់បានពីការ ចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង តាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)ដែលបានជួយរាជធានីភ្នំពេញយ៉ាងច្រើន ។


ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើងថ្ងៃទី១៦ ឧសភា ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ មានមូលដ្ឋាននៅសាលារាជធានីភ្នំពេញ ព្រមទាំងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីគម្រោងត្រៀមបង្ការ សម្រាប់ស្ថានភាពបន្ទាន់ក្នុងរាជធានីភ្នំពេញដំណាក់កាលទី២ (EMR2) ជាមួយ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការនៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមជួយឧបត្ថមគាំទ្រពីបារាំង តាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានឡើយ ដោយបារាំងបានជួយរាជធានីភ្នំពេញជាច្រើន។ រាជធានីភ្នំពេញនឹងសិក្សាស្វែងយល់បទពិសោធន៍ពីទីបណ្តាទីក្រុងផ្សេងទៀត លើពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងនោះដែរ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី បានលើកឡើងថា រាជធានីភ្នំពេញ បានសហការជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)យ៉ាងសំបូរបែប។ នៅរយៈពេល២ខែទៀតទេ នឹងបើកសម្ពោធស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ ។ គម្រោងនេះជាគម្រោងធំ មិនធ្លាប់មានពីមុន ហើយក៏មិនចេះតែធ្វើបាននោះដែរ តែសម្រាប់រាជធានីភ្នំពេញបានបង្កើតគម្រោងនេះហើយ។

គួរបញ្ជាក់ទៀតថា ចាប់ពីដើមឆ្នាំ២០២០មក គម្រោងក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគម AIMF កំពុងអនុវត្ត គឺសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរៀបចំឲ្យមានការិយាល័យ ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួនដែលមានទីតាំងនៅអគារនៃរដ្ឋបាលរាជធានីភ្នំពេញ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការតាក់តែង ឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ក្នុងទំហំទឹកប្រាក់ចំនួន ១៤៣.៥០០,០០ អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហសាធារណៈក្នុងទីក្រុង, ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួន ទល់នឹងគ្រោះទឹកជំនន់៕
