ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។

លោកបណ្ឌិត សូមចូលរួមអនុមោទនាត្រេកអរ ចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ដែលជាទីអារាមដ៏ចំណាស់ជាមួយនឹងអាយុកាលប្រមាណ ៥០០ ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រាប់ទាំងដំណាក់កាល នៃសង្គ្រាមរាំងជល និង ការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃ មានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់ ក្លាយជាទីអារាមគួរទីមនោរម្យ សម្រាប់ការបដិបត្តិធម៌ របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ។ សមិទ្ធផលទាំងអស់នេះ កើតចេញពីកម្លាំងសទ្ធាជ្រះថ្លា និងការរួបរួមសាមគ្គី ក្នុងថែរក្សាប្រពៃណីទំនៀម ទម្លាប់សាសនា ក្រោមបរិយាកាស សុខសន្តិភាព ស្ថិរភាព សេរីភាព និងការរីកចម្រើនផ្នែកជីវភាព របស់ប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ន។

លោក បន្តថា ផ្នែកចម្បងមួយ នៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗ របស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ ។ ជាក់ស្តែង ជោគជ័យ នៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ និង ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំង កាយចិត្តចូលរួមយ៉ាងសកម្ម តាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។

លោក ម៉ាណែត បន្ថែមថា ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយវាជាមោទនភាពជាតិ ក្នុងការដែលយើងអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិយើង ។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់ នូវអតីតកាលដ៏សែនជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន, ប្រជាជាតិខ្មែរពិត ជាបានរួបរួមសាមគ្គីគ្នា បង្ហាញនូវសមត្ថភាព និង ទេពកោសល្យ ដើម្បីប្រាប់ពិភពលោក អំពីវប្បធម៌-អរិយធម៌ដ៏រុងរឿង របស់ខ្មែរ ដែលមានកំណើត ដ៏យូរលង់ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងអំពីទឹកចិត្តទូលំទូលាយ របស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ ចំពោះមិត្តភក្តិអន្តរជាតិ មកពីគ្រប់ទិសទី៕

























































