ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍតំបន់មិនរៀបរយ នៅតាមប្រឡាយស្ទឹងមានជ័យ ឲ្យក្លាយទៅជាតំបន់រៀបរយ ដោយផ្ទះសំបែងប្រជាពលរដ្ឋ មានប្លង់កម្មសិទ្ធិស្របច្បាប់ ជាមួយនិងការរស់នៅ ប្រកបដោយអនាម័យ និងបរិស្ថានល្អ ខណៈក្រោមស្ពានស្ទឹងមានជ័យ ក៏មានការអភិវឌ្ឍសួនកុមារ និងសួនច្បារសាធារណៈ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ បានហាត់ប្រាណដើម្បីសុខភាព។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ នៅតាមប្រឡាយស្ទឹងមានន័យ និងនៅសួនច្បារក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ទឹងមានជ័យ ពីដើមឡើយជាតំបន់មិនរៀបរយ តែក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ សូមគោលការណ៍ទៅរាជរដ្ឋាភិបាល បានអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះ ពីតំបន់មិនរៀបរយ មកជាតំបន់រៀបរយ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលណែនាំ ពីសម្ដេចតេជោហ៊ុន សែន បានប្រគល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមដងប្រឡាយនេះ ដែលធ្វើឲ្យតំបន់នេះក្លាយជាតំបន់ ដែលមានផាសុខភាព មានអនាម័យ បរិស្ថានល្អ មានផ្លូវធ្វើដំណើរងាយស្រួល។
ឆ្លៀតក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានអំពាវឲ្យប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំរំលោភចំណីផ្លូវថ្មើជើង តាមដងប្រឡាយ និងកុំលក់ដូរនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភណ្ឌភាព រាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក ប៉ូ ដេវីដ រ៉េញនីញ៉េ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃរដ្ឋធានីប៉ារីស បានលើកឡើងថា លោកពិតជារីករាយជាមួយនឹងគម្រោង ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ។ គម្រោងនេះទោះបីតូចក៏ពិតមែន ប៉ុន្តែវាមានអត្ថន័យធំធេង និងជាគម្រោងគំរូ សម្រាប់យកទៅអនុវត្ត ទៅតាមបណ្ដាលប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ រួមមាន៖ មណ្ឌលសហគមន៍ ដែលមាន ជាន់ផ្ទាល់ដីនិងជាន់ទី១ មានបន្ទប់សិក្សារបស់កុមារ ផ្ទះបាយ ការិយាល័យ បន្ទប់ទឹក បុរស នារី និង ទីធ្លាសម្រាប់ប្រជុំ ជាមួយនិងបន្ទប់ពិនិត្យសុខភាពនិងការសម្ពោធដាក់ឲ្យប្រើប្រាស់សួនកុមារ និងសួនច្បារសាធារណៈ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ នៅក្រោមស្ពានស្ទឹងមានជ័យ៕