ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឲ្យបក្សមហាសាមគ្គីជាតិខ្មែរ ដាក់ពាក្យបណ្ដឹង ទៅប៉ុស្ដិ៍នគរបាលជាមុន ដើម្បីស្នើសុំបញ្ជាក់ភាព ស្របច្បាប់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យគណបក្ស មហាសាមគ្គីជាតិខ្មែរ ដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាល គណបក្សជាមុនសិន ក្នុងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ។

តាមរយៈលិខិត របស់ក្រសួងមហាផ្ទៃ សម្រាបជូន លោក ហ៊ាង គឹមស្រឿន ប្រធានស្ដីទីគណបក្សមហាសាមគ្គីជាតិខ្មែរ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីស្នើសុំបញ្ជាក់ភាព ស្របច្បាប់ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស ។ បន្ទាប់មកត្រូវមានកំណត់ហេតុ ស្ដីពីការបាត់បង់បញ្ជាក់ ដោយប៉ុស្តិ៍នគរបាលរដ្ឋបាលរួចហើយ សាមីគណបក្សត្រូវដាក់ពាក្យ ស្នើសុំមកក្រសួងមហាផ្ទៃសារជាថ្មី៕

To Top