ព័ត៌មានជាតិ

សម្ដេចតេជោ៖ បើក្តាប់ការងារក្រសួងខ្លួនឯងមិនបាន មិនបាច់ដើរតាមខ្ញុំឡើយ នាំតែខាតសាំងរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។

ការលើកឡើងរបស់សម្តេចនេះ ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ តែមិនដឹងរឿងដែលសម្តេចសួរ ទើបសម្តេចលើកព្រមានបែបនេះទៅ ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានថ្លែងថា ប្រសិនបើមន្ត្រីជាតំណាងរដ្ឋមន្ត្រីក្រសួងណាមួយ ក្ដាប់ព័ត៌មានមិនបានទេនោះ មិនចាំបាច់មកចូលរួម កម្មវិធីនាយករដ្ឋមន្រ្តីទេ នាំចង្អៀតកន្លែងអង្គុយ ឬខាតថ្លៃសាំង។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន គឺមិនបានមក ហើយរដ្ឋលេខាធិការមក ដល់រដ្ឋលេខាធិការមក ថ្ងៃក្រោយអញ្ចេះបើគេឲ្យមកជាតំណាងណាស់ ត្រូវក្ដាប់ឲ្យជាប់អ្វីជាការងាររបស់ខ្លួន តែហៅសួរអត់ដឹងម៉ង់អីមិនបាច់ទេ នាំខាតសាំង អស់លុយរដ្ឋ ព្រោះអស់នេះមិនមែនជិះឡានលុយខ្លួនឯងជិះ ជិះសាំងខ្លួនឯងទេ សាំងរបស់រដ្ឋ បើថា ក្តាប់ការងារមិនបាន កុំមក»៕

To Top