ភ្នំពេញ ៖ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ និងជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃ២២ ឧសភា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺថាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា ។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងចិន “ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ” ។
លោកថា ទាក់ទងនឹងការ អបអរសាទរក្នុងការដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុនដែលមានទុនវិនិយោគ៣០០លានដុល្លារដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមាន ទុនវិនិយោគលើសពី១០០លានដុល្លារលើកទី១ មកពីខេត្តជាំងស៊ូ ។
លោកបន្តថា ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្ដានុពលនៃការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មាន សក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។
លោកបន្តទៀតថា រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដែលមានតម្លៃបន្ថែមខ្ពស់ដែលប្រើប្រាស់ វត្ថុធាតុដើមកៅស៊ូ ធម្មជាតិមាននៅក្នុងស្រុកប្រមាណ ជិត៥ពាន់តោនក្នុងមួយឆ្នាំ អាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។
លោក អ៊ិត សំហេង ឲ្យដឹងទៀតថា នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាចផលិតសំបកកង់ជិត ១,៣ លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត ។
លោកបន្ថែមថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់ សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេក ទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងកម្ពុជា។
សមិទ្ធផលរបស់តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានតាំងបង្ហាញក្នុងពិព័ណ៌ខួបលើកទី១០ ឆ្នាំ នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ-ផ្លូវមួយ” ដែលឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ៕