ព័ត៌មានជាតិ

សម្តេចតេជោ ៖ តើឲ្យខ្ញុំទៅពឹងអ្នកណា បើមិនពឹងចិន?

ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើមិនឲ្យកម្ពុជាទៅពឹងមិត្តចិន ទៅឲ្យពឹងទៅអ្នកណា។ ការលើកឡើងនេះ បន្ទាប់ពីមតិមួយចំនួននាំគ្នានិយាយថា កម្ពុជាកំពុងតែខិតទៅរកចិនកាន់ តែខ្លាំងមែនទែនហើយ ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២២ ឧសភា សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងសន្និសារព័ត៌មាន តាមអនឡាញស្តីពីអនាគតអាស៊ីអ្នកសម្របសម្រួលបានសួរថា ឯកឧត្តមប្រហែលទៅកៀកចិនពេកហើយ? ខ្ញុំឆ្លើយត្រង់ថា បើមិនឲ្យខ្ញុំពឹងចិនតើឲ្យខ្ញុំពឹងអ្នកណា? ស្ពាន ផ្លូវ ប្រឡាយ ទឹក ពេលនេះវ៉ាក់សាំង បើមិនពឹងចិន តើខ្ញុំបានវ៉ាក់សាំងចាក់ប្រជាពលរដ្ឋពេលនេះ»។

សម្តេចបន្តថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា? ឧទាហរណ៍៖ចិនបានជួយធ្វើស្ពានឆ្លងកាត់ទន្លេមគង្គ ហើយស្ពានគីស្សូណាខ្ញុំហ៊ាននិយាយថា បើខ្ញុំមិនពឹងជប៉ុនតើឲ្យខ្ញុំទៅពឹងអ្នកណា? ផ្លូវជាតិលេខ១ តភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅកំពង់ឆ្នាំង បើមិនពឹងជប៉ុនតើពឹងអ្នកណា?។ សូមអ្នកកុំច្រណែននឹងខ្ញុំទៅពឹងចិន ឬពឹងជប៉ុនអី បើអ្នកមិនធ្វើតាមខ្ញុំ ក៏ខ្ញុំមិនដឹងធ្វើយ៉ាងណាដែរ។ ពេលខ្លះមួយថ្ងៃៗអ្នកបានទះកំផ្លៀងខ្ញុំរហូត” ។

សម្តេចបានលើកឡើងថា នៅពេលឆ្លងជំងឺកូវីដ១៩ បើគ្មានវ៉ាក់សាំងចិនទេ ប្រហែលជាអ្នកខ្លះគ្មានមុខមកដល់ពេលនេះទេ ។

សម្តេចតេជោក៏បានលើកឡើងថា តាមការពិនិត្យនយោបាយការបរទេស របស់ចិននៅពេលនេះ មិនបានប្រកាសធ្វើសត្រូវជាមួយប្រទេសណាមួយនោះទេ ទោះបីជាអ្នកដទៃបានរកវិធីរារាំងចិន ក៏ប៉ុន្តែចិនមិនដែលរារាំងឬធ្វើសត្រូវជាមួយប្រទេសណាមួយនោះទេ។ ដូច្នេះគោលនយោបាយ ខ្សែក្រវាត់និងផ្លូវចិនកាន់តែរីក។ ជាក់ស្តែង កិច្ចព្រមព្រៀងអាស៊ាន-ចិន បានផ្តល់ផលប្រយោជន៍​ ធំសម្រាប់បណ្តាប្រទេសអាស៊ាន ។ ប្រទេសអាស៊ាននាំចូលទៅចិនច្រើនជាងចិននាំចូលប្រទេសអាស៊ាន។ អីចឹងទេ សហប្រតិបត្តិការក្របខណ្ឌអាស៊ាន-ចិន ផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសអាស៊ាន៕

To Top