ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានទៅបណ្តាឯកអគ្គរដ្ឋទូត ឬរាជទូតណាមួយបញ្ឈប់ធ្វើកិច្ចអន្តរាគមន៍ចំពោះបុគ្គលណាដែលជាប់ទោស ហើយក៏ស្នើសុំរក្សាភាពស្ងៀមស្ងាត់ផងដែរ។ បើនៅតែបន្តអន្តរាគមន៍ទៀត គឺបុគ្គលនោះត្រូវតែជាប់ទោសគ្រប់កំណត់ឆ្នាំ (ឧបមាថាជាប់៥ឆ្នាំគឺត្រូវជាប់៥ឆ្នាំ) ។ នេះជាសារព្រមានរបស់សម្តេចចេញពីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃ២៣ ឧសភាដែលមានការចូលរួមពីបណ្តាអង្គទូតនានាមានទីស្នាក់ការនៅកម្ពុជា ។
ខណៈចុងម៉ោងនៃសន្ទរកថាបិទបញ្ចប់ហើយ សម្តេចក៏បានឆ្លៀតឱកាសលើកពីសមិទ្ធផលនានាក្រោយឆ្នាំ១៩៧៩ដែលកើតចេញពីបាត់ដៃទទេ ហើយក្រោមការដឹកនាំរបស់សម្តេច គឺកម្ពុជាមានការរីកចម្រើន ដូចអ្វីដែលគ្រប់គ្នាមើលឃើញនាពេលបច្ចុប្បន្ននេះស្រាប់ ។ នេះជាអ្វីដែលសម្តេចបានអះអាង នៅចំពោះមុខបណ្តាអង្គទូត។
សម្តេចសង្កត់ធ្ងន់ទៅអង្គទូតនានានៅក្នុងវេទិកានេះបន្តថា សូមបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំភ្ជាប់ទំនាក់ទំនងរបស់កម្ពុជា ជាមួយប្រទេសខ្លួន។ សម្តេចគូសបញ្ជាក់ថា «សូមអស់លោក កុំមានការជ្រែលជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ព្រោះជាកិច្ចការរបស់កម្ពុជា ហើយកុំមេត្តាភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសអស់លោកជាមួយកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា»។
ហាក់នៅមិនទាន់អស់ចិត្តទៀត ខណៈជិតដល់រដូវឃោសនាបោះឆ្នោតនិងការបោះឆ្នោតថ្នាក់ជាតិ លើកទី៧របស់កម្ពុជាដែលនឹងឈានចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនោះ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ចេញសារក្នុងន័យព្រមានទៀតថា ជិតដល់ការបោះឆ្នោតនៅកម្ពុជាហើយអស់លោកខ្លះអាចស្រែកពីលិច ស្រែកពីកើតដែលរំខាន់ដល់កម្ពុជា។
សម្តេចសង្កត់ធ្ងន់ថា «យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត អីចឹងវារំខានដល់ពួកខ្ញុំដែរ អាហ្នឹងខ្ញុំត្រូវតែហ៊ាននិយាយ ព្រោះជួបមុខគ្នាហើយ! កុំឲ្យថាលោក ហ៊ុន សែនបាននិយាយពីក្រោយខ្នង តែនិយាយពីក្រោយខ្នងនិយាយដាក់មេក្រូ»។
ក្នុងឱកាសនោះដែរសម្តេចក៏បានលើកឡើងពីករណីកំពង់ផែសមុទ្ររាមថា ការពន្យល់ផ្នែកលើគោក ប៉ុន្តែមានអ្នកស្តាប់មិនបាន ដូច្នេះសម្តេចក៏មានសិទ្ធិពុំយល់ករណីរឿងក្នុងទឹកបញ្ហាញអ៊ុនក្លេអ៊ែដែរ។
សម្តេចថា «អ្នកឯងមានសិទ្ធិមិនជឿខ្ញុំ ហើយខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ ។ អីចឹងដូចករណីតុលាការកាត់ទោស(កឹម សុខា) រឿងអីខ្ញុំត្រូវលើកលែងទោស ដោយសារខ្ញុំមិនជឿទុកចិត្តពួកបរទេសដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្ញុំ»។
សម្តេចតេជោក៏បានប្រាប់ទៅកាន់បណ្តាអង្គទូតថា សម្តេចធ្វើរដ្ឋមន្ត្រីការបរទេសតាំងពីអាយុ១៧ឆ្នាំ និងធ្វើនាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំដែលគិតមកដល់ពេលនេះ ធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំហើយ ពោលគឺជាងពាក់កណ្តាលជីវិតដែលចំណុចនេះ មិនមែនធ្វើឲ្យសម្តេចល្ងង់ ក្នុងការឆ្លើយជាមួយសភាពការណ៍នោះទេ។
សម្តេចក៏បានស្នើសុំទៅកាន់បណ្តាទូតថា ចាប់ពីថ្ងៃនេះទៅដល់ពេលការបោះឆ្នោតសូមរក្សាភាពស្ងៀមស្ងាត់ដោយទុកឲ្យកម្ពុជាប្រើប្រាស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា ។ សម្តេចបញ្ជាក់ថា «ថ្ងៃនេះជួបគ្នាទល់មុខដែលមានទូតខ្លះ មិនទាំងអស់ទេ ទូតអាស៊ាននៅស្ងាត់ស្ងៀម តែសូមបញ្ជាក់ជូនថា កម្ពុជាមិនបានស្នើប្រទេសណាមកជ្រៀតជ្រែកកិច្ចការរបស់ខ្លួនទេ ហើយក៏មិនទទួលដែរ»។
សម្តេចក៏បានប្រកាសថា សម្តេចធុញទ្រាន់ និងការជ្រៀតជ្រែកពីប្រទេសខាងក្រៅណាស់ ដូច្នេះសូមបញ្ឈប់ទៅ ។
សូមបញ្ជាក់ថា លោក កឹម សុខា មុនតុលាការប្រកាសឲ្យដាក់ឃុំក្នុងផ្ទះ២៧ឆ្នាំ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ លោកបានជួបបណ្តាអង្គទូតនានាជាហូរហែរទាំងនៅក្នុងផ្ទះលោកក្នុងខណ្ឌទួលគោក និងនៅក្នុងស្ថានទូតមួយចំនួននៅរាជធានីភ្នំពេញជាដើម ៕