ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ការចាប់ផ្តើម នៃជីវិតសុភមង្គល

ភ្នំពេញ ៖ “កាលពីមុន ខ្ញុំបានស្នាក់នៅ ក្នុងផ្ទះរបស់ឳពុកម្តាយខ្ញុំ ដោយសារតែមានបងប្អូនច្រើន នៅក្នុងគ្រួសារ ដូច្នេះផ្ទះខ្ញុំចង្អៀតខ្លាំង ។ ហើយនៅពេល នោះ ផ្ទះខ្ញុំមានបន្ទប់ទឹកតែមួយ រាល់ព្រឹក ត្រូវតម្រង់ជួរគ្នា ដើម្បីរង់ចាំចូលបន្ទប់ទឹក ។ តែឥឡូវនេះ ខ្ញុំបានសន្សំលុយ និងសាងសង់ផ្ទះថ្មី ។ ផ្ទះនេះមិនត្រឹមតែមានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់គេងប៉ុណោ្ណះទេ ថែមទាំងមានបន្ទប់ទឹកបីទៀតផង ជីវភាពល្អប្រសើរជាងមុនហើយ” ពាក្យសំដីធម្មតានេះ បានប្រាប់យើង ពីការ ផ្លាសប្តូរជីវិតពិត របស់លីន យ៉ាដា ។ ការផ្លាស់ប្តូរទាំងអស់នេះ គឺដោយសារតែលីន យ៉ាដា មកធ្វើការនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ។

លីន យ៉ាដា ចងចាំយ៉ាងច្បាស់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នាងបានមកតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ជាលើកដំបូង ហើយបានចាប់ផ្តើម ធ្វើជាកម្មករធម្មតាម្នាក់ នៅក្នុងរោងចក្រកាត់ដេរមួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ លីន យ៉ាដា បាននិយាយថា ពេលចូលរោងចក្រដំបូង ខ្ញុំមិនចេះនិយាយភាសាចិនទេ ហើយក៏មិនចេះប្រើកុំព្យូទ័រទៀត ការងារសំខាន់ របស់ខ្ញុំ គឺកាត់ក្រណាត់ និងតម្រៀបលេខតាមលំដាប់ ។ ដោយទទួលបានការបណ្តុះបណ្តាលពីរោងចក្រ ៤ឆ្នាំក្រោយ លីន យ៉ាដា បានឡើងជាប្រធានក្រុមកាត់ដេរ ។ ក្រោយមក គ្រូក្នុងរោងចក្របានបង្រៀន នាងឲ្យរៀនធ្វើពុម្ពដោយប្រើកម្មវិធី CAD និងរៀនប្រើគ្រែ កាត់ដោយស្វ័យប្រវត្តិ ។ ទាំងនេះបានជួយនាង ឲ្យលើកកម្ពស់សមត្ថភាពការងារ របស់នាងមួយជំហានម្តងៗ ។ សព្វថ្ងៃនេះ លីន យ៉ាដា បានឡើងជាប្រធានផ្នែកកាត់ ហើយគ្រប់គ្រងប្រធានក្រុមចំនួន ២នាក់ និងបុគ្គលិកចំនួន ៤៥ នាក់ ។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងជនជាតិចិន ក៏ឆ្លៀតពេលទំនេរ ដើម្បីបង្រៀនភាសាចិន ដល់បុគ្គលិកផងដែរ ។ ឥឡូវនេះ លីន យ៉ាដា អាចប្រើភាសាចិន ដើម្បីទំនាក់ទំនង ជាមួយអ្នកគ្រប់គ្រងជនជាតិចិន ដោយគ្មានឧបសគ្គហើយថែមទាំង សរសេរសាមញ្ញមួយចំនួនទៀតផង។

ការងារមានស្ថេរភាពនិងសុវត្ថិភាព ហើយជីវិតក៏សុខស្រួលមានក្តីសង្ឃឹម ។ ទាំងនេះគឺជាអារម្មណ៍ដ៏ជ្រាលជ្រៅរបស់ លីន យ៉ាដា ចំពោះការងារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ ក្នុងរយៈពេលជាងដប់ឆ្នាំ នាងបានរីកចម្រើន ពីកម្មករធម្មតាម្នាក់ទៅជា
អ្នកគ្រប់គ្រង កម្រិតមធ្យម ហើយប្រាក់ចំណូល របស់នាងក៏បានកើនឡើង ជាច្រើនដងបើធៀបនឹង ពេលចូលធ្វើការដំបូង ។ បងប្អូនស្រីទាំង២នាក់ និងប្តីរបស់ពួកគេក៏មកធ្វើការ នៅរោងចក្រជាបន្តបន្ទាប់ ។ គ្រួសាររបស់ លីន យ៉ាដា ដែលធ្លាប់ប្រកបរបរកសិកម្ម ពេលនេះបានក្លាយជាកម្មករ ឧស្សាហកម្មហើយជីវភាពគ្រួសារ ក៏កាន់តែប្រសើរឡើង។

ការរីកចម្រើនរបស់ លីន យ៉ាដា ស្របគ្នានឹង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ រឿងរបស់នាងឆ្លុះបញ្ចាំង ពីដំណើរអភិវឌ្ឍន៍ នៃតំបន់សេដ្ឋកិច្ចពិសេសដូចកញ្ចក់ ។ ជាការពិត នៅទីនេះ មិនថាអ្នកជានិយោជិតដែលគ្មានបទពិសោធ ឬជាសហគ្រិនដែលមានក្តីសុបិននោះទេ សុទ្ធតែមានឱកាសប្រមូល ផលនៃក្តីសង្ឃឹម ។

ដោយមានក្តីប្រាថ្នាដ៏ល្អ KY KHENG បានមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងឆ្នាំ ២០១៥ដើម្បីចាប់ផ្តើមអាជីវកម្មលក់ដុំភេសជ្ជៈ។ ពីការជួលហាងមួយកាលពីដើមមក ដល់ជួលបីបន្ទប់និងតូបលក់ទំនិញបីនៅពេលនេះ អាជីវកម្មរបស់លោកKY KHENG កាន់តែប្រសើរឡើង។ KY KHENG បាននិយាយដោយសប្បាយរីករាយថា ដោយសារការកើនឡើង នៃសហគ្រាស និងមនុស្សប្រមូលផ្តុំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ការលក់ប្រចាំថ្ងៃរបស់ហាងអាចឡើងដល់ មួយពាន់ទៅពីរពាន់ដុល្លារ ។ នេះជារឿងដែលគាត់មិន ដែលហ៊ានគិតដល់ពេលធ្វើជំនួញនៅស្រុកកំណើត។

អាជីវកម្មរីកដុះដាលនេះក៏បានធ្វើឱ្យជីវភាពគ្រួសាររបស់ KY KHENG កាន់តែមានភាព ល្អប្រសើរឡើង បានទិញម៉ូតូ ឡាន ដីនិងសាងសង់ផ្ទះថ្មី ជីវភាពធូរធារបានធ្វើឲ្យ KY KHENG កាន់តែមានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ។ គាត់ក៏មានគម្រោង បន្តពង្រីកទំហំហាងនៅពេលអនាគត និងធ្វើអាជីវកម្មកាន់តែធំ និងរឹងមាំ ។

ជម្រុញការងារ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកកម្ពស់ការអភិវឌ្ឍសេវាកម្មពាណិជ្ជកម្មនិងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានត្រួសត្រាយផ្លូវប្រកប ដោយស្ថិរភាពសម្រាប់ឈាន ទៅរកការរស់ នៅប្រកបដោយសុភមង្គល សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមរយៈសកម្មភាពជាក់ស្តែង ។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកំពុងរីកចម្រើន មានក្តីសង្ឃឹមថ្មី សម្រាប់មនុស្សសាមញ្ញគ្រប់រូប ហើយនេះគឺជាចំណុចចាប់ផ្តើមថ្មី សម្រាប់ជីវិតកាន់តែប្រសើរ របស់ពួកគេនាពេលអនាគត៕

To Top