ព័ត៌មានជាតិ

កូនអណ្តើកហ្លួង ១២២ក្បាល ញាស់ក្នុងមជ្ឈមណ្ឌល អភិរក្សសត្វល្មូនកោះកុង

ភ្នំពេញ ៖ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្សរីករាយ ក្នុងការប្រកាសពីភាព ជោគជ័យដ៏អស្ចារ្យ ស្ដីពីការទទួលបានកូនអណ្តើកហ្លួងចំនួន ១២២ក្បាល ដែលទើបបានញាស់ ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។

ក្នុងរដូវពងកូនឆ្នាំ២០២៣នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹម សម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល អភិរក្សសត្វល្មូន កោះកុង ពងបានចំនួន ២១សម្បុក ស្មើ ២៧២ពង ហើយញាស់បានចំនួន ១២២កូន បើប្រៀបធៀប ទៅនឹងរដូវពងកូនឆ្នាំ២០២២ គឺមានការកើនឡើង គួរឱ្យកត់សម្គាល់ ដោយញាស់ បានតែ៣០កូន ក្នុងចំណោមពង៩សម្បុក ដែលមាន ៨១ពង ។

តាមរយៈគេហទំព័រហ្វេស ប៊ុករបស់ WCS នាថ្ងៃទី២២ ឧសភា បានឲ្យដឹងថា នេះគឺជាលើកទី៣ហើយ ដែលអណ្តើកហ្លួងចិញ្ចឹម ក្នុងមជ្ឈមណ្ឌលនេះបានពងកូន ។

លោក Christopher Poyser ប្រធានមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនកោះកុងនៃអង្គការ WCS បានថ្លែងថា «ការកើនឡើង នូវចំនួនពង ក៏ដូចជាចំនួន កូនអណ្ដើកហ្លួង ក្នុងរដូវពង កូនលើកនេះ គឺបានបង្ហាញពីលទ្ធផល ដែលទទួលបានពីការខិតខំប្រឹងប្រែង របស់ក្រុមការងារ អភិរក្សសត្វដ៏កម្រជិត ផុតពូជនេះកន្លងទៅ ។ យើងខ្ញុំសង្ឃឹម យ៉ាងមុតម៉ាំថា ក្នុងរដូវពងកូនក្នុងឆ្នាំបន្ទាប់ ចំនួនកូនអណ្ដើកហ្លួង នឹងកាន់តែមានការកើនឡើង ជាបន្តបន្ទាប់» ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន អភិរក្សជលផល បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ ដែលយើងទទួល បានកូនអណ្ដើកហ្លួង យ៉ាងច្រើនក្នុងរដូវពងកូន ក្នុងឆ្នាំ២០២៣នេះ។ នេះជាក្ដីសង្ឃឹមដ៏ធំធេងរបស់យើង ដើម្បីស្ដារចំនួនប្រភេទសត្វដ៏កម្រជិតផុតពូជនេះ ក្នុងប្រទេសកម្ពុជា»។

លោក បន្ដថា រដ្ឋបាលជលផល សូមធ្វើការលើកទឹកចិត្ត និងគាំទ្រពេញទំហឹង ក្នុងការបន្ដនូវកម្មវិធី បង្កាត់ពូជ ក៏ដូចជាជម្រុញ ឱ្យមានការសហការ កាន់តែចិត្តស្និទ រវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដើម្បីអភិរក្សសត្វប្រភេទនេះ ឱ្យកាន់តែមានភាព ប្រសើឡើង ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទ ជិតផុតពូជនេះនឹងមានវត្តមាន រស់នៅយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូន កោះកុង មានអណ្តើកហ្លួងចំនួន ២៨១ក្បាល ក្នុងនោះអណ្តើកហ្លួងមេពូជ សម្រាប់កម្មវិធីបង្កាត់ពូជ ចំនួន ៥០ក្បាល និងអណ្ដើកហ្លួងវ័យជំទង់ និងទើបតែញាស់ចំនួន២៣១ក្បាល ។ ចាប់តាំងពី ២០១៥មក អង្គការសមាគម អភិរក្សសត្វព្រៃ បានលែងអណ្ដើកហ្លួងវ័យជំទង់ និងពេញវ័យចូលទីជម្រកធម្មជាតិវិញចំនួន ១៦៦ក្បាល ដើម្បីបង្កើនចំនួនសត្វប្រភេទនេះ នៅក្នុងទីជម្រកធម្មជាតិ៕

To Top