ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ស្នើគណៈសង្ឃស្រុះស្រួល ដោះស្រាយគ្នា កុំប្រើប្រាស់បណ្តាញសង្គម រិះគន់គ្នា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើដល់គណៈសង្ឃឲ្យសម្របសម្រួលដោះស្រាយគ្នា ដោយឈរលើគោលការណ៍ សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា ។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់គណៈសង្ឃនាយកដែលចោទសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មិនគោរពការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការតែងតាំងមន្ត្រីសង្ឃ ដែលបានបង្ហោះយ៉ាងព្រោងព្រាតនៅក្នុងបណ្តាញសង្គមកាលពីរាត្រីថ្ងៃ២៣ ឧសភា ។ សម្តេច សៅរ៍ ចន្ទថុល្ល បច្ចុប្បន្នព្រះជន្ម៤៦ព្រះវស្សា មានព្រះតួនាទីជាព្រះអនុប្រធានទី៣ ថេរសភា ព្រះពុទ្ធសាសនា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម។

ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាថ្ងៃ២៤ ឧសភា សម្ដេចតេជោមានប្រសាសន៍ថា «ព្រះអង្គអាចហៅគ្នាមកនិយាយបានទេ ហេតុអីក្បាលម៉ាស៊ីនសង្ឃចាប់ផ្ដើមប្រេះឆាបែបនេះ ចឹងទេមានតែខ្ញុំទៅដោះស្រាយទៀតហើយ ព្រះអង្គអើយព្រះអង្គ អីក៏ពិបាកម្ល៉េះព្រះអង្គហើយ ហើយអ្នកណានិយាយទៅ និយាយជាមួយលោកកើត គឺមានតែខ្ញុំ ។ ចឹងខ្ញុំកូណាសូមអង្វរក ពីចម្ងាយប្រគេនចំពោះសម្ដេចព្រះសង្ឃរាជ ព្រះរាជាគណៈ សម្ដេចសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យហើយនិយាយគ្នាទៅ ចាំបាច់អីទៅចេញសេចក្ដីប្រកាសព័ត៌មាន តាមហ្វេសប៊ុក ។ ឥឡូវលោកទាស់គ្នាតាមហ្វេសប៊ុកទៅហើយ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េច» ។

សម្ដេចតេជោ ក៏បានស្នើឲ្យគណៈសង្ឃនាយក មេត្តាដកសេចក្ដីថ្លែងការណ៍នោះវិញ ។

សម្ដេចបញ្ជាក់បន្ថែមថា «សេចក្ដីថ្លែងការណ៍នោះ មើលទៅវាហួសចិត្ត មើលឃើញហ្នឹងម៉ោងជិត១២យប់ហើយ អូងាប់ហើយទៅជាថា កាលពីតែងតាំងហ្នឹងសម្ដេច សៅរ៍ ចន្ទថុល្ល អត់ដឹងអត់លឺអីចេះអីចុះ ឥឡូវសម្រួលគ្នាទៅ» ។

សម្ដេចតេជោបន្ថែមថា សម្ដេចធ្លាប់ តែនិយាយហើយរឿងខន្តីញោម ឥឡូវព្រះតេជគុណ មានងារសុទ្ធតែសម្ដេចសង្ឃ អត់ខន្តីផង ដល់ចឹងឲ្យសម្តេចទៅសម្របសម្រួល មិនដឹងធ្វើម៉េចដែរ មានតែស្រែកដាក់ក្បាលមេក្រូពីចម្ងាយ សំពត់រហែក ហែកថែមតែម្ដង ៕

To Top