ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអង្វករធ្វើយ៉ាងណាចាក់រូបបដិមាឲ្យត្រូវតាមក្បួនខ្នាតនូវរូបនីមួយៗ ព្រោះថា នៅពេលអភិសេករួចហើយ គ្មានអ្នកណាមួយហ៊ានវាយចោលឡើយ។
ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាថ្ងៃ២៤ ឧសភា សម្ដេចតេជោបានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានកសាងព្រះវិហារមួយកន្លែង ស្រាប់តែចាក់រូបព្រះមុខឡើងក្រម៉ូវដល់ពេលថ្វាយបង្គំឃើញតែរូបព្រះក្រម៉ូវ។
សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ សូមអង្វករធ្វើយ៉ាងម៉េចការចាក់រូបបដិមា ឬចាក់ព្រះ ហើយចាក់ព្រះឲ្យត្រូវខ្នាត ។ មានកន្លែងមួយ ខ្ញុំមិនចាំបាច់និយាយចំឈ្មោះទេ ខ្ញុំស្ដាយខំធ្វើវិហារ ធ្វើវត្តហ្នឹងអស់លុយមិនចេះតិច ស្រាប់តែចាក់ព្រះមុខក្រម៉ូវ ។ អាហ្នឹងមកពីពុម្ពចាក់មិនត្រូវ ហើយត្រូវប្រុងប្រយ័ត្ន កាលណាយើងធ្វើអភិសេកហើយ គ្មានអ្នកណាហ៊ានវាយចោលឡើយ។ អីចឹងទេ ៥០ឆ្នាំ ឬ១០០ឆ្នាំទៀត ក្មេងៗជំនាន់ក្រោយថា ព្រះអញកាលពីជំនាន់ណុង មុខចឹងតើ»។
សម្ដេចនាយរដ្ឋមន្ដ្រីបន្ដថា ទន្ទឹមគ្នានេះ កុដិ ព្រះវិហារ ឬសំណងចាស់ៗមួយចំនួន ដែលមានអាយុកាលជាង ១០០ឆ្នាំ កំពុងវាយកំទេចចោល ធ្វើឲ្យបាត់បង់ស្លាកស្នាមដើម កើតចេញជាថ្មី ទើបធ្វើឲ្យខុសទម្រង់ដើមផងដែរ៕