ភ្នំពេញ ៖ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នាថ្ងៃ២៤ ឧសភា ។
ការមិនមានលក្ខណៈសម្បត្តិគ្រាប់ គ្រាន់ដូចដែលក្រសួងអះអាង ដោយសារអង្គការនេះ ត្រូវបានគេដឹងថា លោក អាឡិច ជាជនជាតិអេស្ប៉ាញនិយាយខ្មែរឡើងច្បាស់នោះបានអះអាងថា ខ្លួនគឺជាអ្នកការពារខាងផ្នែកបរិស្ថានរហូតមកដល់បច្ចុប្បន្នទោះបីជាលោកបានចាក់ ចេញពីកម្ពុជាយ៉ាងណាក៏ដោយ ។ ប៉ុន្តែបើតាមក្រសួងថា ជាក់ស្តែងមិនមែនចឹងទេ “ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុប ឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។ នេះបើតាមសេចក្តីប្រកាសក្រសួងបញ្ជាក់ឲ្យដឹងទៀត។
ដូច្នេះក្រសួងបរិស្ថានថា រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សូមបញ្ជាក់ថា លោក អាឡិចត្រូវបានបណ្តេចចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ និងបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅនៃជនបរទេសដែលត្រូវហាមឃាត់មិនឲ្យចូលទឹកដីកម្ពុជាវិញ ។ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសកំបាំងមុខ លោក អាឡិច ដាក់ពន្ធនាគារចំនួន២០ខែ ពីបទ «សមគំនិតក្នុងអំពើញុះញង់» ក្នុងសំណុំរឿងជាមួយសកម្មជនមាតាធម្មជាតិ ៣នាក់ទៀត រួមមាន ៖ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ សាលាឧទ្ធរណ៍ក៏បានតម្កល់សាលក្រមផ្ដន្ទាទោសកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ លោកក៏ត្រូវបានផ្ដន្ទាទោសក្នុងបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»ដែរ៕