ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងដណ្ដើមមេដាយបានចំនួនច្រើន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ដូចគ្នាការប្រកួតស៊ីហ្គេមផងដែរ ។
ការបង្ហាញក្ដីសង្ឃឹម របស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបាន ភាពជោគជ័យយ៉ាងត្រចះត្រចង់ ពីការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAMES ២០២៣) ដែលដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង ។
ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃ២៤ ឧសភា សម្ដេចតេជោ មានប្រសាសន៍ណែនាំដល់អ្នកពាក់ព័ន្ធ រៀបចំសំបុត្រឲ្យជនពិការ បានចូលរួមទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំសង្ឃឹម ព្រោះជានិច្ចកាលស៊ីហ្គេម និងប៉ារ៉ាហ្គេម យើងបញ្ជូនកីឡាករ ទៅចូលរួម តិចមែនតែបានមេដាយមាសច្រើន ហើយលើកនេះខ្ញុំជឿថា យើងនឹងទទួលបានមេដាយច្រើនទៀត បំបែកឯកត្តកម្មរួចហើយ ផ្នែកស៊ីហ្គេម ប៉ុន្តែនៅប៉ារ៉ាហ្គេម យើងនឹងទទួល បានមេដាយច្រើនទៀត ព្រោះឥឡូវកំពុងហ្វឹកហាត់ខ្លាំងណាស់» ។
សម្ដេចបន្ថែមថា សម្ដេចនឹងជួបក្រុមកីឡាករ នាថ្ងៃ២៦ ឧសភា ព្រោះការជួបនេះគឺជាការជូនដំណើរកីឡាករ កីឡាការិនី ទៅប្រកួតដូចគ្នា មិនថាទៅប្រកួតនៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ។
សម្ដេចថ្លែងថា សម្ដេចមិនធ្វើប្រធានគណៈកម្មាការអូឡាំពិកទេ តែធ្វើប្រធានគណៈកម្មាការប៉ារ៉ាអូឡាំពិក ដោយសារសំដៅលើកទឹកចិត្ត ឲ្យជនពិការប្រឹងប្រែងផ្នែកកីឡា ។ សម្ដេចថា ទោះឈប់ធ្វើនាយករដ្ឋមន្ត្រី ក៏សម្ដេចនៅតែធ្វើប្រធានគណៈកម្មាការប៉ារ៉ាអូឡាំពិក ។
សូមរំលឹកថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (ASEAN Para Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ៣-៩ មិថុនា ខាងមុខនេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម តែងតែប្រារព្ធឡើង បន្ទាប់ពីព្រឹត្តិការណ៍កីឡា SEA GAMES និងដោយមានការចូលរួមប្រកួត ពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កម្ពុជាបានបញ្ជូនអត្តពលិក ចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ១១ ប្រភេទកីឡា ហើយឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា៕