ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ កម្ពុជា ប្រឹងប្រែងកាត់បន្ថយ ឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីការ ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន តាមរយៈការអនុវត្តគម្រោង រថយន្តក្រុងដើរ ដោយថាមពលអគ្គិសនី។

នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំសំខាន់ៗ ចំនួន ២ នៃកិច្ចប្រជុំពូលរបស់ វេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបទអន្តរាគមន៍ ជូនកិច្ចប្រជុំ CMT អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវឌ្ឍនភាព នៃការអភិវឌ្ឍ ទៅតាមមធ្យោបាយ ដឹកជញ្ជូននីមួយៗ រួមមាន ៖ ការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា២០២៣-២០២៥។

លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា «ជម្រាបជូនអង្គប្រជុំ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport) តាមរយៈការអនុវត្តគម្រោង រថយន្តក្រុងដើរដោយថាមពលអគ្គិសនី (E-Bus) នៅក្រុងសៀមរាប ការជំរុញការប្រើប្រាស់ យានយន្តអគ្គិសនី ការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានា សំដៅកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport)»។

ដោយឡែក កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនដែលមានលក្ខណៈបើកចំហរ (Open Ministerial Session) បានផ្តោតទៅលើប្រធានបទ នៃការបង្កើនចីរភាពសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនបៃតង (Boosting Sustainable Economies through green transport)។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនីមួយៗ និងដៃគូអភិវឌ្ឍន៍ បានចែករំលែកនូវបទពិសោធន៍ល្អៗ បញ្ហាប្រឈម និងឱកាសក្នុងការជុំរុញការដឹកជញ្ជូនបៃតង។

ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី ក៏បានរាយការណ៍ ជូនអង្គប្រជុំពីលទ្ធផល នៃកិច្ចប្រជុំថ្នាក់តំបន់កម្រិតខ្ពស់ (Regional High Level Dialogue) ដែលទេសរដ្ឋមន្រ្តី បានធ្វើជាសហប្រធានជាមួយ លោក Young Tae KIM អគ្គលេខាធិការរបស់ ITF នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ៕

To Top