ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គជាច្រើនឆ្នាំ បន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូន ដំណឹង អំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២៣ ដូចខាងក្រោម ៖
១- ស្ថានភាពទូទៅ នៃអាកាសធាតុក្នុងតំបន់ ៖
យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ ២០២៣ រួចមកឃើញថា ៖
-ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាមានកម្រិតប្រហាក់ប្រហែល មធ្យមច្រើនឆ្នាំ ដោយសារតែឥទ្ធិពល អែលនីណូ (El Nino) មានត្រឹម ៦០% និង បាតុភូតអែនសូ (Neutral) មាន ៤០% ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និង បាតុភូតឡានីណា (La Nina) ។
-ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ បាតុភូតអែលនីណូ (El Nino) មាន ៨០% និងបាតុភូតអែនសូ (Neutral) មានត្រឹមតែ ២០% ។
ផ្អែកតាមការវិវដ្តយ៉ាងរហ័ស នៃបាតុភូតអែលនីណូ (El Nino) ក្នុងរយៈពេលចុងក្រោយនេះ បាន ធ្វើឲ្យស្ថានភាពអាកាសធាតុ ក្នុងរដូវវស្សាឆ្នាំ ២០២៣ ជួបនឹងរបបទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ភ្លៀងអាចមានក្នុងកម្រិតពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយភ្លៀងធ្លាក់ភាគច្រើន ជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា ។
២-ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ៖
ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប មានស្ថានភាពដូចខាងក្រោម ៖
-ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ខ្ពស់ ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,២៧ ម៉ែត្រ ។
-ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ខ្ពស់ ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៤០ ម៉ែត្រ ។
-ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ ។
-រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្ត ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល នឹងមធ្យមច្រើនឆ្នាំ ។
-ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ទឹកមានកម្ពស់ទាបជាង មធ្យមច្រើនឆ្នាំ ប្រមាណតែ ០,០៧ ម៉ែត្រ ។
ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គ សម្រាប់ដើមឆ្នាំ ២០២៣ នេះ នៅទន្លេមេគង្គផ្នែកខាងលើខេត្តកំពង់ចាម ទឹកមានកម្រិតកម្ពស់ខ្ពស់ ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែល នឹងមធ្យមច្រើនឆ្នាំ ។ រីឯនៅទន្លេបាសាក់ និងបឹងទន្លេសាប ទឹកមានកម្រិតកម្ពស់ទាប ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច ។
៣-ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២៣ ៖
យោងលើស្ថានភាពអាកាសធាតុ ក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាព ទឹកទន្លេនៅដើមឆ្នាំ ២០២៣ នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែល នឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀង ដែលនឹងកើតមាននៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាផងនោះ មានការថយចុះទាប ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច ។ តាមការព្យាករទឹកជំនន់ ទន្លេមេគង្គលើកទី ១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ សម្រាប់ឆ្នាំ ២០២៣ នេះ ទឹកអាចនឹងមានកម្ពស់ត្រឹមតែ ៨,៣៥ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់តូច ៕