ព័ត៌មានជាតិ

បង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនឆ្លងដែនជាង ២៤០គីឡូក្រាម វ៉ៃខ្នោះជនសង្ស័យ ៣នាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៤៦គីឡូក្រាម ។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង និងវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក សេង ពុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖

គោលដៅទី១.ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាង និងសំភារៈចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន ១ កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន, ម្សៅកញ្ចប់ ចំនួន ៩៣ កញ្ចប់ សង្ស័យជាគ្រឿងញៀន, ម្សៅពណ៌សចំនួន ៤ កញ្ចប់តូច និងពណ៌ខៀវចំនួន ១ កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន ១ គ្រឿង, ម៉ូតូចំនួន ១ គ្រឿង និងថង់វេចខ្ចប់មួយចំនួន។

គោលដៅទី២.ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ។ វត្ថុតាង និងសំភារៈចាប់យក៖ ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ និងរថយន្តចំនួន ១ គ្រឿង។

គោលដៅទី៣.វីឡាកូនកាត់ បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាង និងសំភារៈចាប់យក៖ សំបកកញ្ចប់(រូបតែ)ចំនួន ១៨ សំបក ។

គោលដៅទី៤ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី នៅផ្ទះលេខ១៦៣ ផ្លូវលេខ១៣ បុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឆែកឆេរ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 201 ដុំ ស្មើទម្ងន់ 200 kg 397 g និងគ្រឿងញៀនប្រភេទកេតាមីន(KETMINE) 40 ដុំ ស្មើទម្ងន់ 39 kg 616 g ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

To Top