ព័ត៌មានជាតិ

តំណាងរដ្ឋមន្ត្រី លឹម គានហោ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត៨ពាន់នាក់ នៅស្រុកពញាឮ ក្រុមការងារ ក៏បានអំពាវនាវឱ្យទៅបោះឆ្នោតបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា

កណ្តាល ៖ ក្រុមការងារគណៈចលនាកម្មករ កម្មការិនី ស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរ ក្នុងឃុំចំនួន៦ ប្រមាណ៨ពាន់នាក់ នាបរិវេណវត្ត កែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល។

តំណាងរបស់លោករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើង ដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើងនាពេលបច្ចុប្បន្ន និង ការជួបប្រាស្រ័យទាក់ទង សួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត រវាងក្រុមការងារ និងបងប្អូនកម្មករ កម្មការិនី ដែល​កិច្ច​ការ​ទាំង​នេះ​ ក្រុម​ការងារ​គណៈ​ចលនា​កម្មករ​ កម្មការិនី​ស្រុក​ពញាឮ​ បាន​ធ្វើ​ជាប់​ជា​ប្រចាំ​រៀង​រហូត​មក​ ហេីយ​ជា​ភ័ព្វសំណាង​យ៉ាង​ខ្លាំង​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពញាឮ​ ក៏​ដូចជា​បងប្អូន​កម្មករ​-កម្មការិនី​យេីង​ ជា​មហា​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​បំផុត​ដែល​ សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ នាពេល​ខាង​មុខ​នេះ​។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។ បងប្អូនកម្មករ-កម្មការនីទាំងអស់ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើមិនបានយល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍទេនោះ អាចបង្កចលាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទទ្វារ ជីវភាពប្រជាពលរដ្ឋជួបការខ្វះខាត ដូចនេះចាំបាច់ណាស់ ត្រូវចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា នៅក្នុងសង្គមជាតិទាំងមូល ។ បងប្អូនកម្មករ កម្មការិនី គឺជាធនធានមនុស្សដ៏សំខាន់ សម្រាប់បន្តវេន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ក្រុមការងារតំណាងលោករដ្ឋមន្រ្តី លឹម គានហោ ក៏បានអំពាវនាវសូមឱ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។

សម្រាប់បងប្អូនកម្មករ-កម្មការិនី ក្នុងឃុំទាំង ៦ ចំនួន ៧,៧៤៦​នាក់ លោករដ្ឋមន្រ្តី ឧបត្ថម្ភក្នុងម្នាក់ៗអាវយឺតដៃវែងចំនួន០១ និងថវិកាចំនួន ២ម៉ឺនរៀល។​ ក្រុម​ការងារ​តំណាងលោក​រដ្ឋមន្រ្តី​ លឹម គានហោម នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ កម្មការិនី​ ចំនួន​ ៣,២៥៥នាក់​ នៅ​ក្នុង​ឃុំ​ចំនួន​ ០៥​ទៀត ​របស់​ស្រុក​ពញាឮ​ នា​ពេល​ឆាប់ៗខាង​មុខ​នេះ​ ៕

To Top