ពោធិសាត់៖ ជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗគួរអោយសង្វេកនៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូបត់ឆ្លងថ្នល់មិនមានការប្រុងប្រយ័ត្នក៍ត្រូវរថយន្តបុកបណ្តាលអោយស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ៥ និង ៤០ នាទីព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំនុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៣-១៥៤ ក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។
បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ១ គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខៀវ ទិសដៅពីលិចទៅកើត លុះជិះមកដល់កន្លែងកើតហេតុ ជនរងគ្រោះក៍បានបត់ឆ្លងថ្នល់ ដោយមិនប្រុងប្រយ័ត្ន ក៍ត្រូវរថយន្តធុនធំម៉ាកហុីយិនដាយ ដែលកំពុងបើកបរយ៉ាងលឿន បញ្ច្រាសទិសគ្នាបុកចំយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ជនរងគ្រោះមានឈ្មោះធួយ ខ្វាន ភេទប្រុសអាយុ ៣២ ឆ្នាំជនជាតិខ្មែររស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។
ចំណែកអ្នកបើកបរ រថយន្តបង្ក មានឈ្មោះគល់ សុខណេន ភេទប្រុសអាយុ ៣៥ ឆ្នាំរស់នៅខេត្តត្បូងឃ្មុំ។
ក្រោយការវាស់វែង រថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ច យកមករក្សាទុកបណ្តោះអាសន្ន នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ។
ចំណែកសពជងរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់អោយទៅ ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕