ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយ សកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២៨ ឧសភា ២០២៣។

លោកបណ្ឌិត លើកឡើងថា ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ និងបានសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាព ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងសិទ្ធសេរីភាពគ្រប់បែបយ៉ាង គឺកើតឡើងដោយសារការលះបង់ និងវីរភាពរបស់យុវជនជំនាន់មុន ហើយក៏ជាថ្នាក់ដឹកនាំបច្ចុប្បន្នផងដែរ។ យុវជនជំនាន់មុន គឺជាជំនាន់យុវជនដែលបានបាត់ឱកាស ដោយសារប្រទេសធ្លាក់ចូល ទៅក្នុងសង្គ្រាមបែកបាក់ និងមានហានិភ័យដល់អាយុជីវិតគ្រប់ពេលវេលា ក៏ប៉ុន្តែជាយុវជនជំនាន់គំរូ ប្រកបដោយលក្ខណៈសម្បត្តិ ៣ យ៉ាង គឺ៖ ទី១. ក្តីសង្ឃឹម គឺមិនអង្គុយបន់ព្រះរង់ចាំ សេចក្តីស្លាប់ពីរបបប៉ុលពតឡើយ, ទី២. មានការតស៊ូជម្នះរាល់ឧបសគ្គដើម្បីបុព្វហេតុជាតិ និងប្រជាជន និងទី៣. មានចក្ខុវិស័យដឹកនាំច្បាស់លាស់ ក្នុងការរំដោះប្រទេសជាតិ, ស្តារកសាងជាតិ, ការពារជាតិ និងអភិវឌ្ឍជាតិ។

លោក បន្តថា ដូច្នេះក្នុងនាមជាយុវជនដែលកំពុង រស់ក្នុងសម័យតេជោសន្តិភាព, យើងទាំងអស់គ្នាចាំបាច់ត្រូវមើលគំរូ វីរភាពរបស់យុវជនជំនាន់មុន ដោយផ្សារភ្ជាប់នឹងតថភាពបច្ចុប្បន្ន និងគោលដៅទៅអនាគត និងមិនភ្លេចសោះឡើយនូវអតីតកាល ដ៏សែនជូរចត់វេទនាដោយសារ សង្គ្រាម និងជម្លោះបែកបាក់។ ក្នុងន័យនេះ, យើងទាំងអស់គ្នាចងចាំជានិច្ចនូវគុណបំណាច់ នៃពលិកម្មដ៏ធំធេងរបស់យុវជនជំនាន់មុន ហើយប្តេជ្ញាបន្តស្មារតី និងសកម្មភាពដ៏ពិសិដ្ឋនេះជារៀងដរាប។

លោក ម៉ាណែត បន្ថែមថា ក្នុងវិស័យធុរកិច្ច, វិស័យឯកជន រួមទាំងសហគ្រិនវ័យក្មេង គឺសរសៃឈាមនៃចរន្តសេដ្ឋកិច្ចជាតិ។ ពិតណាស់, កំណើនសេដ្ឋកិច្ចអាចមានឡើងចុះ ប៉ុន្តែអ្វីដែលសំខាន់គឺនិរន្តរភាពនៃសុខសន្តិភាព, ស្ថិរភាព និងសិទ្ធិសេរីភាព ដែលចាំបាច់ត្រូវថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ រាជរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីស្នូលក្នុងការ បង្កលក្ខណៈតាមរយៈការការពារ នូវបរិស្ថានគ្រប់ដណ្តប់ដ៏ចាំបាច់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងជាយុវជនក៏ត្រូវចូលរួមចំណែក អនុវត្តតួនាទីរៀងខ្លួនៗ និងគាំទ្រដល់បុព្វហេតុរួមមួយនេះ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនយើង។

លោកម៉ាណែត បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល, សូមថ្លែងអំណរគុណដល់បងប្អូនសមាជិក សហគ្រិនវ័យក្មេងទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុឆន្ទៈ និងភ្ជាប់ជាមួយនឹងការអាណិត, ស្រលាញ់ និងជឿជាក់លើថ្នាក់ដឹកនាំ និងគណបក្ស ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព។ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមនេះ, ក្នុងនាមជាយុវជនរបស់គណបក្ស និងយុវជនសម័យតេជោសន្តិភាព, យើងគប្បីប្តេជ្ញាថែរក្សាអ្វីដែលកំពុងមាន ពីព្រោះយើងបានដឹងហើយថា យុវជនជំនាន់តស៊ូ បានបង្កើតឱកាសគ្រប់យ៉ាងឱ្យយើងដូចថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងការពារសមិទ្ធផលទាំងកុំឱ្យបាត់បង់ ព្រមទាំងជំរុញសមិទ្ធផលវិជ្ជមានឱ្យច្រើនឡើងបន្ថែមទៀត។

លោក លើកឡើងថា សមិទ្ធផលធំដែលគណបក្សប្រជាជនកម្ពុជា បានកសាងសម្រាប់ជាតិ និងប្រជាជន គឺការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាង ៥០០ឆ្នាំក្នុងដានប្រវត្តិសាស្ត្រ, ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសការសម្រេចបាន នូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី នៅក្រោមរាជរដ្ឋាភិបាលតែមួយ និងរដ្ឋធម្មនុញ្ញ តាមរយៈ “នយោបាយឈ្នះ-ឈ្នះ” ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ ដោយធានាបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច រហូតជីវភាពប្រជាជនមានការ រីកចម្រើនសម្បូរសប្បាយ ព្រមជាមួយនឹងទស្សនវិស័យក្នុងការ ក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០៕









