នយោបាយ

បក្ស១៥ទទួលស្គាល់ ទំហំសញ្ញាសម្គាល់ និងឈ្មោះជាអក្សរពេញ-កាត់ ដាក់លើសន្លឹកឆ្នោត ក្រោយ គ.ជ.ប ពិនិត្យរួច

ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣រួចហើយ មានគណបក្សនយោបាយចំនួន១៥បានចុះហត្ថលេខាទទួលស្គាល់ ដោយឡែក បក្ស៣ទៀត សុំកែតម្រូវចំណុចខ្លះៗ ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៣០ ឧសភា នេះ លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធីពិនិត្យនេះ បានថ្លែងថា ការអញ្ជើញតំណាងគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីធ្វើការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់មានគោលបំណង ដើម្បីឲ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ ដោយសាមីគណបក្សនយោបាយនីមួយៗ។

លោកបានឲ្យដឹងថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយ ជាអក្សរពេញ អក្សរកាត់ ដែលត្រូវពិនិត្យនៅក្នុងកម្មវិធីនេះ គឺជាទម្រង់ដែលសាមី គណបក្សនយោបាយនីមួយៗ បានផ្ញើជូន គ.ជ.ប។

បន្ទាប់ពីធ្វើការពិនិត្យ និងផ្ដល់មតិយោបល់រួចរាល់ ជាលទ្ធផលតំណាងគណបក្សនយោបាយ ចំនួន១៥ គណបក្ស បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់ លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សនយោបាយ ជាអក្សរពេញ អក្សរកាត់ របស់គណបក្សខ្លួន ។ ដោយឡែកគណបក្សនយោបាយចំនួន ៣ គណបក្សផ្សេងទៀត បានសុំកែសម្រួលនូវចំណុចខ្លះ។ ការសុំកែសម្រួលនេះ ត្រូវធ្វើរួចរាល់ និងមានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់ ដោយសាមីគណបក្សនយោបាយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប ក៏បានរៀបចំការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោតរួចរាល់ហើយដែរ ដូចនេះការងារបន្ទាប់ គ.ជ.ប នឹងចាត់ចែងការផលិត និងបោះពុម្ពសន្លឹកឆ្នោតឲ្យបានទាន់ពេលវេលា សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

To Top