ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នឹងមិនទទួលយកលិខិត រ៉ុង ឈុន ស្នើជួបជុំអ្នកគាំទ្រ ទាមទារបក្សភ្លើងទៀន ចូលរួមបោះឆ្នោត

ភ្នំពេញ ៖ ទោះបីមិនទាន់បានឃើញលិខិតស្នាមរបស់លោក រ៉ុង ឈុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ស្នើសុំអនុញ្ញាតបាន ជួបជុំសមាជិករបស់ខ្លួនជាង១ម៉ឺននាក់ ដើម្បីទាមទារឲ្យបក្សបានមានឱកាស ចូលរួមបោះឆ្នោតថ្នាក់ ជាតិនាពេលខាងមុខក្តី ក៏ក្រសួងមហាផ្ទៃតាមរយៈលោក ខៀវ សុភ័គដែលជាអ្នកនាំពាក្យនោះ បានអះអាងថា នឹងមិនទទួលយកជាដាច់ខាត ពោលគឺបដិសេធចោលតែម្តង ។

ការលើកឡើងរបស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃបែបនេះ ក្រោយ ពីលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន មានគម្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីជួបជុំសមាជិកក៏ដូចជា អ្នកគាំទ្រជាង ១ម៉ឺននាក់ នៅលើទីលានប្រជាធិបតេយ្យនៅក្បែរស្ពានអាកាសឬស្ស៊ីកែវ នៅចុងសប្តាហ៍នេះ ក្នុងគោលបំណងទាមទារ ឲ្យគណបក្ស ខ្លួនបានចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្រោយគណៈ កម្មាធិការ ជាតិរៀបចំការ បោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធ និងបិទផ្លូវតវ៉ា មិនឲ្យចូលបោះឆ្នោតដោយ សារគ្មានឯកសារដើម ។

លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ដើមអម្ពិលនាថ្ងៃ៣០ ឧសភាថា “គាត់(បក្សភ្លើងទៀន)មានគម្រោងដាក់ យើងមានគម្រោងមិនទទួល”។

ចំពោះការមិនទទួលយកលិខិតរបស់លោក រ៉ុង ឈុន ត្រូវបានលោកអះអាងថា ដោយសារក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័ន កំពូលបានចេញសេចក្តីសម្រេចរួចហើយ គឺបដិសេធ និងបិទផ្លូវតវ៉ា ចំពោះគណបក្សភ្លើងទៀន ។ លោកថា “ដូច្នេះត្រូវគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ”។

លោកបានបង្ហាញការយល់ឃើញចំពោះគណបក្សភ្លើងទៀន មិនបានចូលរួមបោះឆ្នោតថា ក្នុងច្បាប់រដ្ឋធម្មនុញ្ញគ្មាន ការចែងថា ត្រូវតែមានបក្សប្រឆាំងចូលរួមបោះឆ្នោតនោះគឺគ្មានទេ គ្រប់គ្រាន់ហើយសម្រាប់គណបក្ស១៨ ដែលបានចូលរួមបោះឆ្នោត ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់លេខរៀងកាលពីថ្ងៃ២៩ ឧសភា ។

ក្នុងករណីសមាជិកគណបក្សភ្លើងទៀនដែលដឹកនាំដោយលោក រ៉ុង ឈុន នៅតែរឹងទទឹងក្នុងការជួបជុំគ្នាដោយគ្មានការ អនុញ្ញាតនោះ លោកថា នឹងចាត់វិធានការដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា នឹងចាប់ខ្លួនតែម្តងព្រោះពន្ធនាគារមានច្រើន ដើម្បីបើកទ្វារចំហររង់ចាំពួកគាត់។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៣ ឧសភា តាមរយៈសារជាសំឡេងជាង៧នាទីសម្តេចតេជោបានព្រមានទុកជាមុនថា នឹងចាត់វិធានការចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឲ្យមានផលប៉ះពាល់ ដល់សណ្តាប់ ធ្នាប់សាធារណៈ ។ សម្តេចតេជោ ក៏បានផ្ញើសារបន្តទៅដល់មេដឹកនាំគណបក្សភ្លើងទៀន ឲ្យប្រយ័ត្នរាល់ ទង្វើទាំងឡាយដែលខ្លួនបានធ្វើ និងជូនដំណឹងទៅដល់បណ្តាពន្ធធនាគារឲ្យរៀបចំទទួល មេដឹកនាំគ្រប់ជាន់ថ្នាក់ របស់បក្សភ្លើងទៀន ប្រសិនបើហ៊ានប្រព្រឹត្តិបទល្មើសទាំងឡាយ តាមរយៈបំផុសឲ្យមានចលនាទាមទារ គាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។


ការព្រមានទៅថ្នាក់ដឹកនាំ និងអំពាវនាវសកម្មជនគណបក្សភ្លើងទៀនរបស់សម្តេចតេជោ បន្ទាប់ពីគណបក្សមួយនេះ កាលពីថ្ងៃ១២ ឧសភា បានប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្ស ភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ៕

To Top