ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា លោក ឆាំ ឆានី ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស កំពុងធ្វើសកម្មភាពអំពីយុទ្ធនាការ ហ្វេសប៊ុកប្រឆាំងទៅនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយគណបក្សភ្លើងទៀន ពុំមានឱកាសវាសនាដូចបក្សផ្សេងទៀត ចំនួន១៨គណបក្ស បានចុះឈ្មោះបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ដ្រអាណត្តិទី៧ នាពេលខាងមុន ។
បើតាមការសង្កេត ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់បុគ្គលឆាំ ឆានីដែលសម្តេចតេជោបានគូសបញ្ជាក់ថា កំពុងធ្វើសកម្មប្រឆាំងទៅនឹង គ.ជ.បនោះ គឺមានការផ្សព្វផ្សាយជាហូរហែរផងដែរ អំពីខ្លឹមសារប្រឆាំងគ.ជ.ប ។ ចំពោះករណីនេះសម្តេចក៏ផ្ញើសារថា ប្រយ័ត្នគុកចាំមើលផ្លូវ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចទទួលបានសារសំឡេងអំពី គម្រោងធ្វើយុទ្ធនាការហ្វេសប៊ុករបស់បុគ្គល ឆាំ ឆានី ។ ដោយសម្ដេចគូសបញ្ជាក់ថា «សូមផ្ដាំផ្ញើទៅ ឥឡូវបានសេចក្ដីថាគេ (ឆាំ ឆានី) ណែនាំឲ្យធ្វើយុទ្ធនាការហ្វេសប៊ុក ប្រឆាំងជាមួយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ យុទ្ធនាការហ្វេសប៊ុក ដោយផ្តួចផ្ដើមចំនួន៣ចំណុច ។ ឥឡូវបើលោក ឆាំ ឆានី ឯងចង់ស្ដាប់សំឡេងខ្ញុំចាក់ឲ្យឆាំ ឆានី ឯងបានដឹង»។
បើតាមសម្ដេចតេជោ ដែលបានដកស្រងសម្ដីលោក ឆាំ ឆានី មកថា “សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្ដែសម្ដេចតេជោទេ ទៅសហការជាមួយ គ.ជ.ប និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីមិនឲ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ” ។
ត្រង់ចំណុចនេះ សម្តេចបានបកស្រាយត្រឡប់ទៅវិញថា កម្ពុជាមានច្បាប់ត្រឹមត្រូវ ហើយគណបក្សប្រជាជនកម្ពុជា ក៏គ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នោះទេ។ សម្ដេចថា ចំណែករាជរដ្ឋាភិបាល គ្មានភារកិច្ចអ្វីទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញ ដែលជាស្ថាប័នកំពូលឡើយ។ ដូច្នេះសូមកុំច្រឡំ ។
សម្ដេចតេជោ បានផ្តាំសារទៀតថា ចំពោះអ្នកមានបំណងប្រឆាំង គ.ជ.ប និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ត្រូវស្វាគមន៍ដោយគុកជាក់ជាមិនខាន។
ក្នុងន័យនេះ សម្ដេចគូសបញ្ជាក់យ៉ាងច្បាស់ៗថា «សូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្ម ឬស្អីៗកុំរញ៉េរញ៉ៃ សារខ្ញុំនៅមានតម្លៃ… សូមបញ្ជាក់ ។ ខ្ញុំ មិនចាំបាច់ចេញសារទីពីរទេ សារទីមួយនៅមានតម្លៃ ហើយចាប់យកទាំងអស់ អ្នកណាក៏ដោយដែលមកបំផ្លាញនូវស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់យកទាំងអស់ អត់មានទុកឡើយ»។
ការលើកឡើងរបស់លោក ឆាំ ឆានីជាមនុស្សគាំទ្រយ៉ាងសកម្មចំពោះលោក សម រង្ស៊ីដែលរៀបចំយុទ្ធនាការហ្វេសប៊ុក ដោយនាំគ្នីគ្នាធ្វើតាមហ្វេសប៊ុក ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចយល់ស្របតាម គ.ជ.ប ដែលបានបដិសេធមិនទទួលស្គាល់ឯកសារ សុំចុះបញ្ជីចូលរួមការបោះឆ្នោត របស់គណបក្សភ្លើងទៀន។ ការបដិសេធនេះ ដោយសារគណបក្សភ្លើងទៀន មិនបានភ្ជាប់ប្រកាស ស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យបានត្រឹមត្រូវ៕