កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមាន គ្រោះមហន្តរាយ ឬ វិបត្តិភ័យ កើតឡើង។
លោក អ៊ុន ចាន់ដា បានណែនាំដូច្នេះនៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ក្នុងពេល អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ និងទិសដៅបន្ត ៦ខែ ចុងឆ្នាំ ២០២៣ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ របស់លោក ទូច ឆៃ នាយកប្រតិបត្តិ អំពីវឌ្ឍនភាពការងារឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញ ភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព វិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយ:ពេល ៦ខែ ដើមឆ្នាំនេះ សម្រេចបានលទ្ធផល គួរអោយកត់សំគាល់ ពិសេសការលើកកំពស់សកម្មភាព ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា ការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់តម្លៃមនុស្សធម៌ ការអភិវឌ្ឍន៍ស្ថាប័ន-ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកប្រធានសាខា បានយកឱកាសនោះ ណែនាំអំពីវិធានការមួយចំនួន ជាអាទិ៍ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះមហន្តរាយ ឬ វិបត្តិភ័យ កើតឡើង ។ ទន្ទឹមនឹងនេះ ត្រូវរៀបចំផែនការ បន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត៎ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម អុតស្វា រួមទាំងជម្ងឺកូវីដ-១៩ តាមមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ លើកកំពស់សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ អោយពួកគេក្លាយជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ និងត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រងចំណូល ចំណាយ រួមទាំងការទូទាត់ ឱ្យមានតម្លាភាព និង គណនេយ្យភាពផងដែរ ៕