ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ត្រូវធ្វើឲ្យកុមារយល់ដឹងវិធីរាយការណ៍ ចំពោះការរំលោភបំពានគ្រប់រូបភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានធ្វើការណែនាំដល់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យកុមារ អាចយល់ដឹងអំពីវិធីរាយការណ៍ ដល់អាជ្ញាធរ ឬមនុស្សពេញវ័យជាអ្នកថែទាំពួកគេ ចំពោះការលោភបំពានគ្រប់រូបភាព ។

យោងតាមសារលិខិត របស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ ១ មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ សម្ដេចតេជោបានថ្លែងថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួល និងពង្រឹងការអនុវត្តលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារជាអន្តរក្រសួង ស្ថាប័នដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព ជាពិសេសលើអនក្ខរកម្មបច្ចេកវិទ្យាពត៌មាន និងជំរុញលើកកម្ពស់ប្រជាជនកម្ពុជា ឲ្យក្លាយជាប្រជាជនឌីជីថលមានសុវត្ថិភាព និងឧត្តមប្រយោជន៍។

សម្ដេចតេជោបន្ដថា ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមាន សមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារត្រូវសហការ ស្វែងរកដំណោះស្រាយ និងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរ ឥរិយាបទសង្គម តាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាពតាមប្រព័ន្ធអនឡាញ ឲ្យបានសមស្របនិងទាន់ពេលវេលា។

សម្ដេចតេជោគូសបញ្ជាក់ថា «លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថលនិងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឲ្យមានប្រសិទ្ធភាព ។ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារ ប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទ តាមគ្រប់រូបភាព ការសម្លុតគំរាម កំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹង អំពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេ ចំពោះការលោភបំពានតាមគ្រប់រូបភាព»។

សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបឲ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ កុមារតាមប្រព័ន្ធអនឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា៕

To Top