ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដំណើរការនីតិវិធី ជ្រើសរើសក្រុមហ៊ុនសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ព្រមទាំងដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋាន។
នាឱកាសអញ្ជើញទទួលជួបលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា និងសហការី នាថ្ងៃទី៣១ ឧសភា លោកទេស រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលជានិច្ចកាលតែងតែជួយកម្ពុជា ក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស។
លោកទេសរដ្ឋមន្ដ្រីគូសបញ្ជាក់ថា «មួយវិញទៀត គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជាចំណុចទាក់ទាញមួយ នៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាព រវាងប្រទេសទាំងពីរនៅចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការ ជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ»។
លោកឯកអគ្គរដ្ឋទូត ក៏បានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកទូតបានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម ៕