ព័ត៌មានជាតិ

ក្រសួងការងារស្នើចិន ជួយបណ្ដុះបណ្ដាល មន្ត្រីអធិការកិច្ច ដើម្បីលើកកម្ពស់សុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិន ជួយផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច រយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែ ដើម្បីពង្រឹង សមត្ថភាពមន្ត្រីអធិការកិច្ច និងគ្រូបង្គោលបន្ថែមទៀត លើការគ្រប់គ្រងលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ ។

ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហាន់សុង រដ្ឋលេខាធិការ និងជាតំណាង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយប្រតិភូក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក អ៊ូ យានអ៉ី (WU Yanyu) អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនៃក្រសួង គ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។

ក្នុងជំនួបនោះលោកហ៊ុយ ហានសុង បានលើកឡើងថា ប្រទេសកម្ពុជា ចាប់ផ្ដើមមានការរីកចម្រើនលើវិស័យរ៉ែ និងកើតមានរោងចក្រឧស្សាហកម្មរ៉ែ ជាបន្តបន្ទាប់ ដូច្នេះក្រសួងការងារត្រូវការពង្រឹងអធិការកិច្ចលើផ្នែកនេះ ជាចាំបាច់ដែរ ដើម្បីសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារបានចុះធ្វើអធិការកិច្ចច្រើនមក ហើយលើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសេវាកម្ម និងវិស័យសំណង់ ប៉ុន្តែចំពោះវិស័យរ៉ែនេះវិញ គឺមិនទាន់ធ្វើបានច្រើននៅឡើយទេ ហើយក៏កំពុងគិតគូរ យកចិត្តទុកដាក់បន្ថែម ហេតុដូច្នេះហើយទើបក្រសួងការងារ ត្រូវការពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀត។

ចំណែកលោក ឡេង តុង ទីប្រឹក្សាក្រសួង និងជាប្រធាននាយក ពេទ្យការងារ បានឱ្យដឹងថា តាមរយៈការពិភាក្សានាថ្ងៃនេះ ប្រតិភូចិនបានបញ្ជាក់ប្រាប់ ភាគីក្រសួងការងារដែរថា នៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងរៀប ចំឱ្យមានវេទិកា គ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយក៏បានអញ្ជើញភាគីក្រសួងការងារ កម្ពុជាចូលរួមផងដែរ។ ក្រសួងនឹងបញ្ជូនតំណាង ទៅចូលរួមក្នុងវេទិកានេះ ដើម្បីទទួលបានព័ត៌មាន និងកិច្ចសហប្រតិបត្តិការ សំដៅផ្លាស់ប្ដូរបទពិសោធន៍ពង្រឹងផ្នែកអធិការកិច្ច និងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត ។
លោកបានបន្តទៀតថា អធិការកិច្ចការងារ ជាការងារដែលសំខាន់ដើម្បីធ្វើយ៉ាងណាលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងការងារ និងកាត់បន្ថយគ្រោះថ្នាក់ការងារផងដែរ ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ឱ្យមានការបណ្ដុះបណ្ដាលរយៈពេលវែងតែម្ដង ដើម្បីឱ្យគ្រូរបស់យើង ជាគ្រូដែលមានគុណភាពខ្ពស់ មន្ត្រីអធិការកិច្ចរបស់យើង ជាមន្ត្រីដែលមានសមត្ថភាពខ្ពស់ ជួយលើកកម្ពស់នៅក្នុងការងារនេះ»។

ជាមួយគ្នានេះដែរ តំណាងភាគីចិន លោកអគ្គនាយករង អ៊ូ យានអ៉ី បានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយនេះ ក៏ជាផ្នែកមួយ នៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» របស់លោកប្រធានាធិបតី ស៉ី ជីនពីង ដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសចិន និងប្រទេសដែលគាំទ្រ កិច្ច សហប្រតិបត្តិការនេះ ពង្រឹងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាការគ្រប់គ្រងគ្រោះមហន្តរាយ កាន់តែប្រសើរឡើង៕

To Top