ព័ត៌មានជាតិ

ត្រីរៀលតុប និងរៀលអង្កាម មាន សារៈសំខាន់ ណាស់ ចំពោះប្រព័ន្ធ អេកូឡូស៊ី នៃ អាង ទន្លេមេគង្គ

ភ្នំពេញ៖ ចាប់ពីខែមិថុនា រហូតដល់ខែតុលា គឺជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរ ផ្លាស់ទីជាច្រើនប្រភេទ បន្តពូជរកចំណី និងលូតលាស់ធំធាត់។ ក្នុងនោះ ក៏មាន ត្រីរៀលតុប និងរៀលអង្កាម ផងដែរ ដែលតំណាងឱ្យ ផលចាប់ត្រីទឹកសាបភាគច្រើន នៅក្នុងប្រទេសកម្ពុជា។

រដ្ឋបាលជលផល ដែលចុះហត្ថលេខាដោយលោក ពុំ សុថា បានចេញសេចក្តីប្រកាសបិទនេសាទ ដោយកំណត់ដែននេសាទទៅតាមតំបន់ និងពេលវេលាខុសៗ គ្នា ចាប់ពីខែមិថុនា រហូតដល់ខែតុលា ដើម្បីទុកឳកាសឱ្យត្រីបានបំពេញវដ្តជីវិតរបស់ពួកវា ផងដែរ។

ត្រីរៀលតុប ដែលមានឈ្មោះវិទ្យាសាស្ត្រ (Gymnostomus siamensis) និងត្រីរៀលអង្កាម មានឈ្មោះវិទ្យាសាស្ត្រ (Gymnostomus lobatus)។ ត្រីទាំងពីរប្រភេទនេះ ជាត្រីទឹកសាប ដែលមានរស់នៅច្រើន តាមដងទន្លេមេគង្គ និងបឹងទន្លេសាប។ វាមានប្រវែងដងខ្លួនអតិបរមា ២០ ស.ម ស៊ីសារាយ ស្លែ ពពួកអតិសខុមប្រាណ និងហ្វីតូប្លង់តុង។

រដូវវស្សាចូលមកដល់ ចាប់ពីខែឧសភា ដល់ កក្កដា ត្រីទាំងពីរប្រភេទ ចាប់ផ្តើមបន្តពូជ ទម្លាក់ពង និងញាស់ រួចបណ្តែតខ្លួន ចុះតាមលំហូរទឹកជំនន់ទន្លេមេគង្គ មកខ្សែទឹក ខាងក្រោម ចូលទៅតំបន់ទំនាបព្រៃលិចទឹកនានា ពិសេស បឹងទន្លេសាប និងទៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ ពួកវារស់នៅទីនោះ ដើម្បីរកចំណី និងលួតលាស់ធំធាត់ រហូតរដូវប្រាំងចូលមកដល់។

បើយោងតាមអ្នកស្រាវជ្រាវ ក្នុងចំណោមពងរាប់សិបម៉ឺនគ្រាប់ ដែលបានទម្លាក់ ដោយ ត្រីរៀលតុប និងរៀលអង្កាម ព្រមទាំងពពួកត្រីធ្វើចរាចរផ្លាស់ទីផ្សេងទៀត មានឳកាសញាស់ និងរស់រានមានជីវិត ដើម្បីបំពេញវដ្តជីវិតរបស់ពួកវា មិនដល់ ១% ផង។

ចាប់ពីខែតុលា ខណៈកម្ពស់ទឹកទន្លេមេគង្គ ចាប់ផ្តើមស្រកចុះ ទឹកពីបឹងទន្លេសាប ក៏ហូរត្រឡប់ចូលក្នុងទន្លេមេគង្គវិញ ហ្វូងត្រីរៀលតុប និងរៀលអង្កាម ព្រមទាំងត្រីជាច្រើនប្រភេទផ្សេងទៀត ក៏ចាប់ផ្តើមធ្វើចរាចរផ្លាស់ទី ចេញពីតំបន់ព្រៃលិចទឹកនានា ចូលនៅក្នុងទន្លេមេគង្គវិញ។ នេះជាវដ្តជីវិតរបស់ពពួកត្រីធ្វើចរាចរផ្លាស់ទី៕

ដោយៈ ឈុត​ ឈាណា

រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល

To Top