ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ គោលបំណងសេចក្តីព្រាងច្បាប់ អត្រានុកូលដ្ឋាន ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាជូនពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា គោលបំណងសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ។

សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយលោក កែប ជុតិមា នៅវិមានរដ្ឋសភា នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្តេចស ខេង បានថ្លែងថា សេចក្តីព្រាងច្បាប់ទាំងនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតប ក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្ម ស្របតាមស្ថានការនៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករទុកជាមុនរួចជាស្រេច ទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធានការ និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ»។

លើសពីនេះ សម្ដេច ស ខេង ក៏បានជម្រាបគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភាទៀតថា ខ្លឹមសារ និងពាក្យពេចន៍ ព្រមទាំងទស្សនទាននៃសេចក្ដីព្រាងច្បាប់នេះរៀបចំដោយមានភាពស៊ីសង្វាក់ និងឆ្លើយឆ្លងគ្នាជាមួយច្បាប់ផ្សេងៗ ដូចជាក្រមរដ្ឋប្បវេណី, ច្បាប់ ស្ដីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល, ច្បាប់ ស្ដីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណី ដែលមិនមែនជាបណ្ដឹងជាដើម។

សម្តេច មានប្រសាសន៍បន្ថែមថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់ និងស៊ីជម្រៅដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ៕

To Top