ភ្នំពេញ ៖ លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរៀបចំពិធីនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការ និងភាគីពាក់ព័ន្ធពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ កំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង និងផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល ខណៈផ្លូវទាំងពីរនេះនឹងបើកការដ្ឋាន ក្នុងពេលឆាប់ៗនេះ។
![](https://dap-news.com/wp-content/uploads/2023/06/26-1024x682.jpg)
នាឱកាសនោះ លោកក៏បានផ្តល់អនុសាសន៍ណែនាំសមាជិក សមាជិកា នៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឲ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឲ្យពិធីបើកការដ្ឋានទាំងពីរ ប្រព្រឹត្តទៅបានដោយរលូន តាមផែនការដែលបានគ្រោងទុក។
![](https://dap-news.com/wp-content/uploads/2023/06/25-1024x682.jpg)
សូមជម្រាបជូនថា កំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧២គ.ម ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
![](https://dap-news.com/wp-content/uploads/2023/06/24.jpg)
![](https://dap-news.com/wp-content/uploads/2023/06/23-884x1024.jpg)
ដោយឡែក ផ្លូវជាតិលេខ២៣ មានប្រវែងសរុប ១៩,៨៣៣គ.ម ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
![](https://dap-news.com/wp-content/uploads/2023/06/22-1024x588.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)