ព័ត៌មានជាតិ

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ ចាប់ផ្តើមសិក្សា បន្ទាប់ចុះកិច្ចព្រមព្រៀង ខែមេសា

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងបំផុត ដើម្បីចាប់ផ្តើមអនុវត្តការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌល ភស្តុភារកម្មក្រុងព្រះសីហនុ (Kick-Off Meeting of Feasibilities Study on Sihanouk Ville Logistics Complex Project) បន្ទាប់ពីចុះកិច្ចព្រមព្រៀង កាលពីខែមេសា ដោយរំពឹងថា នឹងបញ្ចប់ការសិក្សា នាចុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីសំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសនៃ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ ក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន និងក្រសួងរ៉ែ ។

មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជាមជ្ឈមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍មណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នៅកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅភាគនិរតីតាមឆ្នេរសមុទ្រ និងដោយមានការតភ្ជាប់ល្អជាមួយ ផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក (ដែលអនាគតនឹងក្លាយទៅជា ផ្លូវដែកល្បឿនលឿន) និងផ្លូវអាកាសផងនោះ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែម ទៅឲ្យកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ឆ្លងកាត់ប្រទេស។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ៕

To Top