ព័ត៌មានជាតិ

ចំណេះដឹងគួរស្វែងយល់! គន្លឹះ៦ ចំណុច សម្រាប់អនុវត្ត បង្កើតបានពាក្យសម្ងាត់ (Password) រឹងមាំ

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់ គណនីឌីជីថល គណនីបណ្តាញសង្គម ឬគណនីលើប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ ជាពិសេសគណនីសម្រាប់ទូទាត់សាច់ប្រាក់អនឡាញ (online payment, e-payment) នៅតែប្រឈមហានិភ័យខ្ពស់ពីការលួចជ្រៀតចូលគ្រប់គ្រងប្រើប្រាស់ពីជនអនាមិក (hacker) ។ ការបង្កើតឬប្រើប្រាស់ពាក្យសម្ងាត់ (Password) សាមញ្ញពេក ខ្លីពេក ពិតជាអាចបង្កនូវហានិភ័យខ្ពស់ពីការលួចតាមរយៈការទស្សទាយ ឬបច្ចេកទេស ទាញយកពីជនអនាមិក (hacker)។

ខាងក្រោមនេះជាគន្លឹះទាំង៦ ចំណុចក្នុងការបង្កើតពាក្យ សម្ងាត់រឹងមាំ (strong password) ៖

១. កុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន (personal info)៖ សូមលោកអ្នកកុំយកព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធដូចជា ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, លេខគណនីធនាគារ, អាសយដ្ឋានសារអេឡិចត្រូនិក(Email), លេខទូរសព្ទ ។ល។ ទៅប្រើប្រាស់ធ្វើជាពាក្រសម្ងាត់(password) ជាដាច់ខាត។

២. ប្រើពាក្យសម្ងាត់ដែលវែង (long password) ៖ សូមប្រើប្រាស់ពាក្យសម្ងាត់ យ៉ាងហោចណាស់ 8តួអក្សរ ឬវែងជាងនេះ គឺដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្លាំងឡើង ។

៣. វិធីសាស្រ្តផ្សំអក្សរ ជាមួយលេខ និងនិមិត្តសញ្ញា៖ គួរប្រើប្រាស់ការផ្សំរវាង តួអក្សរធំ អក្សរតូច លេខ
និមិត្តសញ្ញាផ្សេងៗបញ្ជូលគ្នា ។ ឧទាហរណ៍៖ sCa1%&#25A, ។

៤. ជៀសវាងការប្រើពាក្យ ដូចក្នុងវចនានុក្រម៖ ការប្រើប្រាស់ពាក្យ ដែលមានអត្ថន័យដូចក្នុងវចនានុក្រម នឹងក្លាយជាពាក្យ សម្ងាត់ដែលខ្សោយបំផុត។ ឧទាហរណ៍៖ wonderful1 ។

៥. កុំប្រើពាក្យសម្ងាត់ ដូចគ្នាសម្រាប់គណនីផ្សេងៗគ្នា៖ ការប្រើប្រាស់ពាក្យសម្ងាត់ដូចៗគ្នា សម្រាប់គណនីផ្សេងៗគ្នានឹងផ្តល់ហានិភ័យខ្ពស់ នៅពេលដែលជនអាណាមិក រកឃើញពាក្យសម្ងាត់ របស់គណនីណាមួយរបស់លោកអ្នក នោះ គណនីផ្សេងទៀតរបស់លោកអ្នក ក៏នឹងត្រូវបាត់បង់ទាំងអស់ ។

៦. ប្រើប្រាស់កម្មវិធីបង្កើតពាក្យសម្ងាត់រឹងមាំ (Strong password Generator)៖ ការប្រើប្រាស់ពាក្យ សម្ងាត់ដោយកម្មវិធីបង្កើតពាក្រសម្ងាត់រឹងមាំ គឺជាប្រភេទពាក្ស សម្ងាត់ដែលរឹងមាំបំផុត ។ លោកអ្នកអាចសាកល្បងប្រើប្រាស់កម្មវិធីបង្កើត ពាក្យសម្ងាត់រឹងមាំ (Password Generator) ដើម្បីជាជំនួយ ប៉ុន្តែលោកអ្នកត្រូវប្រាកដថាបានរក្សាទុកពាក្យ សម្ងាត់នោះទៅកន្លែងមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ជាការចាំបាច់ ៕

To Top