ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមពិធី ចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីតួកគី នៅរដ្ឋធានីអង់ការ៉ា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ វិមានប្រធានាធិបតីនៃសាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជាដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ មិថុនានេះ ​បានឲ្យដឹងថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយថាមវន្ត លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

វត្តមានរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង ដែលកំពុងរីកលូតលាស់ រវាងប្រទេសទាំងពីរ ៕

To Top