ភ្នំពេញ៖ ជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា សម្ដេចនឹងមិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ និងការអនុគ្រោះនោះឡើយ។
ក្នុងពិធីសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការធ្លាប់ហាមប្រាមជាដាច់ខាតដល់មន្រ្តីរបស់កម្ពុជាដែលអមដំណើរសម្ដេចទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុបកុំហារមាត់សុំមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធEBAដែលសហភាពអឺរ៉ុបបានផ្ដាច់ពីកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ពេលដែលទៅប្រជុំនៅអឺរ៉ុបក្នុងឋានៈជាប្រធានអាស៊ាន ហើយត្រូវធ្វើជាសហប្រធានក្នុងការប្រជុំជាមួយអឺរ៉ុប ខ្ញុំហាមឃាត់រដ្ឋមន្រ្តីទាំងអស់ដែលអមដំណើរខ្ញុំកុំហារមាត់សុំត្រឡប់មកវិញនូវ២០%នៃEBA»។ព្រោះខ្ញុំចង់ដឹងភាពធន់របស់កម្ពុជាដល់ណាដែរ ដើម្បីយើងពង្រឹងសមត្ថភាពខ្លួនឯង កុំរង់ចាំដកអ៊ុកស៊ីសែនដែលគេបន្តក់ខ្យល់មកឱ្យយើង»។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA មិនធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្ម និងការនាំចេញរបស់កម្ពុជា ទៅប្រទេសនោះឡើយខណៈកម្ពុជានឹងបាត់បង់ EBA ដោយស្វ័យប្រវត្តិ នៅពេលដែលប្រទេសបានឈានដល់កម្រិតអភិវឌ្ឍន៍ និងចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅអំឡុងឆ្នាំ២០២៧។
សម្ដេចតេជោ បញ្ជាក់ថា«ខ្ញុំបានប្រកាសតាំងពីពេលមុនថា ខ្ញុំមិនយកអធិបតេយ្យភាពរបស់ខ្ញុំ ទៅដោះដូរជាមួយជំនួយ និងការអនុគ្រោះណាទាំងអស់។ ឥឡូវលើការជាក់ស្ដែងតើកម្ពុជាបានងាប់ហើយឬនៅ»៕