ព័ត៌មានជាតិ

កម្ពុជា ចង់បានការផ្លាស់ប្តូរឥរិយាបថ គូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នា ទៅជាការរួមចំណែក គិតគូរដល់ប្រយោជន៍ ទៅវិញទៅមក

ភ្នំពេញ៖ នៅចំពោះមុខរដ្ឋមន្រ្តីការពារជាតិ ជាច្រើនទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងលោកខាងលិច ប្រមុខការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ បានលើកឡើងថា កម្ពុជា ចង់បានការផ្លាស់ប្តូរឥរិយាបថ គូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នា ទៅជាការរួមចំណែក គិតគូរដល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។

ការលើកឡើងរបស់ ប្រមុខការពារជាតិកម្ពុជា បែបនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្រោមប្រធានបទ “ការអភិវឌ្ឍគម្រោងសម្រាប់សន្តិសុខប្រកប ដោយកិច្ចសហប្រតិបត្តិការ” ដែលប្រព្រឹត្តិឡើងនៅក្នុង ប្រទេសសិង្ហបុរី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា « ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថ គូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នា ទៅជាការរួមចំណែក គិតគូរដល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក»។

សូមរំលឹកថា កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកLloyd J. Austin III និង រដ្ឋមន្រ្តីការពារប្រទេសអូស្រ្ដាលី លោក Richard Marles ដែលជាសម្ព័ន្ធ AUKUS ៕

To Top