ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជា នឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបង្ហាញជំនឿថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧ ខាងមុខ ទោះបីជាមានភាពមិនច្បាស់លាស់នូវ បញ្ហាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភូមិសាស្រ្ដនយោបាយក៏ដោយ ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ នាថ្ងៃ៥ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបាននិងកំពុងមានសព្វថ្ងៃនេះ ផ្ដល់ឱកាសឲ្យកម្ពុជាឈានទៅសម្រេច គោលដៅចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច។

នាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា «ប៉ុន្តែយ៉ាងណាក៏ដោយ បើទោះបីមានបញ្ហាប្រឈមផ្នែកទាក់ទិនជាមួយនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្ដនយោបាយ តែខ្ញុំមានជំនឿក្នុងចិត្ត ហើយជំនឿជាក់លាក់ទៀតផង នៅត្រង់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧យ៉ាងយូរបំផុត ។ ហើយបន្តទៅយើងនឹងដើរដល់គោលដៅនៃ ការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ ដូចអ្វីដែលដាក់ចេញជា គោលដៅនៃការអភិវឌ្ឍប្រកបចីរភាព»

To Top