ភ្នំពេញ ៖ ស្ត្រីម្នាក់ជាមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ២១ឆ្នាំ អត្តលេខ 91377 បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយច្បាប់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ខ្លឹមសារក្នុងលិខិតបណ្តាំចុងក្រោយរបស់ស្ត្រីនគរបាលរូបនោះរៀបរាប់ថា “កូនសូមទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីពីបងអូន គេមិនជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឲ្យគាត់វិញផង កូនសូមទោស ហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ ។ កូនលាហើយប៉ាម៉ាក់ជាមនុស្សល្អ លាប្អូនទាំង៤នាក់ ។ កុង ចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង” ។
បន្ទាប់ពីកើតឡើង សមត្ថកិច្ចបានចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ទោះបីជាក្នុងសំបុត្រផ្តាំមិនឲ្យធ្វើបុណ្យក៏ដោយ ៕