ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញក្រុមវិនិយោគិន។
នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាល AFD នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋបារាំង ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍន៍កម្ពុជា រហូតរៀងមក ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ដ៏មានសារៈសំខាន់ បារាំងតាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ឥណទានសម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម សុខាភិបាល វប្បធម៌ បរិស្ថាន មីក្រូហិរញ្ញវត្ថុ ជំនួយបចេ្ចកទេស ទេសចរណ៍ ទឹកស្អាត អប់រំ និងថាមពល (អគ្គិសនីកម្ពុជា) ។
លោកគូសបញ្ជាក់ថា «កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាសអំណោយផល ដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការដាក់ ឲ្យអនុវត្តនូវច្បាប់ ស្ដីពីវិនិយោគ,ច្បាប់ស្ដីពីភាពជាដៃគូ រវាងរដ្ឋនិងឯកជន, និងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញល្បឿននៃការស្តារសេដ្ឋកិច្ចជាតិ ឲ្យបានលឿន»។
លោកបន្ដថា ទន្ទឹមនេះកម្ពុជា ក៏បានដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា ៖ គោលនយោបាយសារពើពន្ធ ដើម្បីជំរុញការប្រើប្រាស់ យាន្តជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន , គោលនយោបាយជាតិ ស្ដីពីប្រសិទ្ធិភាពថាមពល , យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ជាដើម ។
ក្នុងភាពជាដៃគូអភិវឌ្ឍន៍នេះ លោក Philippe LE HOUEROU បានលើកឡើងថា AFD នៅតែរក្សា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន លើវិស័យអាទិភាព ដែលមានស្រាប់ដែលស្រប តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅ សំខាន់បី រួមមាន៖ ១. ការអភិវឌ្ឍដែលបន្សាំ ទៅនឹងបម្រែបម្រួល អាកាសធាតុ និងកាត់បន្ថយការ បំភាយឧស្ម័នកាបូន, ២. ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច, និង៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ ៕