ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបានបណ្តេញចេញដូចអ្វីដែល មតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែមទាំង ជួយសម្រួលយកចិត្តទុកដាក់។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ៨ មិថុនា សម្តេចតេជោគូសបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា) បានបញ្ជាក់មិនមានការដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង»។
សម្តេចតេជោបានលើកឡើងថា នៅពេលទទួលបានព័ត៌មាននេះហើយ សម្តេចលែងព្រួយបារម្ភទៀតហើយ ចំពោះការបណ្តេញចេញពលករខ្មែរ កំពុងធ្វើការនៅថៃ។
សម្តេចបន្តថា «ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះ ប្រសិនបើរឿងទាក់ទងនិងការបណ្តេញចេញ ឬបញ្ឈប់ការងារ ឬទាក់ទងនិងអត្ថប្រយោជន៍ ចំពោះកម្មករកម្មការិនីនៅក្រៅប្រទេស»។
សម្តេចតេជោសង្ឃឹមជឿងជាក់ថា កិច្ចសហប្រតិបត្តិការទាក់ទិន និងកម្មករទអន្តោប្រវេសន៍ដែលជាកិច្ចព្រមព្រៀង ស្ថិតក្នុងក្របខណ្ឌសម្រុះសម្រួលអាស៊ាន ត្រូវបានការពារចំពោះកម្មករ ។ នៅកម្ពុជាក៏មានកម្មករបរទេសកំពុងធ្វើការផងដែរ ដូច្នេះក៏បានយកចិត្តទុក ដាក់ការពារពួកគេផងដែរ៕