ភ្នំពេញ ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃ៧ មិថុនា បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាសហគមន៍សាក្រាមរុងរឿង ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ស្រូវ និងដំឡូងមី នៅស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ ។

បច្ចុប្បន្នសហគមន៍សាក្រាមបានដាំដុះស្វាយចន្ទីសរុបចំនួន១ ២០០ហិកតា នៅភូមិត្រសាក្រាម ឃុំសាក្រាម ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានបញ្ជាក់ថា ក្នុងករណី សហគមន៍ ឬសមាជិកចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី អាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់សមរម្យ ។
ឆ្លៀតក្នុងថ្ងៃដដែលនេះ លោក បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាព ការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់ (SANTANA) បានធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយលើផ្ទៃដីចំនួន៨៥០ហិកតា ហើយបច្ចុប្បន្នកំពុងប្រមូលផលស្វាយចន្ទីលើផ្ទៃដី២៥០ហិកតា ដោយប្រើពូជ M23 ហើយផ្តល់ទិន្នផលបាន ៤-៥តោន/ហិកតា (បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។ ទន្ទឹមនេះ រោងចក្របានធ្វើការកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារបរទេស ក្នុងនោះប្រទេសចិនជាទីផ្សារទទួលទិញធំជាងគេ ហើយក៏មាននាំចេញផងដែរទៅទីផ្សារអឺរ៉ុប កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀត។

ដោយឡែក សមត្ថភាពក្នុងការផលិត រោងចក្រនេះអាចធ្វើការកែច្នៃបាន១០តោន/ថ្ងៃ និងបានប្រើកម្លាំងពលកម្មសរុបចំនួន ១២០នាក់។
លោកបណ្ឌិតក៏បានសំណូមពរឲ្យក្រុមហ៊ុនបន្តជួយប្រមូលទិញស្វាយចន្ទីពីសហគមន៍ទាំង៣៥ នៅទូទាំងខេត្តព្រះវិហារផងដែរ ៕
