ព័ត៌មានជាតិ

ជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម អន្តរជាតិ អេមីរ៉ាត​អា​រ៉ាប់​រួម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​ នៃប្រទេសអេមីរ៉ាត​អា​រ៉ាប់​រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី បានជម្រាបជូន សម្ដេចតេជោ អំពីជំនួបប្រកបដោយផ្លែផ្កា ជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថានី បានសំដែងនូវការរីករាយ ជាមួយកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែល កិច្ចព្រមព្រៀងនេះ នឹងនាំសេដ្ឋកិច្ចនិងប្រជាជន ប្រទេសទាំងពីរ កាន់តែជិតគ្នាថែមទៀត ហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើសក្ដានុពល ដែលកំពុងតែមាន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្ដីរីករាយ ជាមួយកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយសម្តេច បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ នឹងនាំមក នូវផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ។

ជាមួយនេះដែរ សម្ដេចតេជោ បានលើកទឹកចិត្តឱ្យ មានការពិចារណា លើការវិនិយោគលើវិស័យកសិកម្ម៖

ទី១ វិស័យស្រូវអង្គរ ដែលកម្ពុជាមានស្រូវ ប្រមាណ៦លានតោន ដែលអាចនាំចេញ , ក្នុងន័យនេះ សម្ដេចតេជោបានស្នើឲ្យ មានការពិចារណាបង្កើតរោងម៉ាស៊ីនកិនស្រូវ , ឃ្លាំងស្តុក និងបណ្ដាញទិញ ដើម្បីធ្វើការសកែច្នៃស្រូវ សម្រាប់នាំចេញ ។

ទី១ វិស័យស្រូវអង្គរ ដែលកម្ពុជាមានស្រូវ ប្រមាណ៦លានតោន ដែលអាចនាំចេញ , ក្នុងន័យនេះ សម្ដេចតេជោបានស្នើឲ្យ មានការពិចារណាបង្កើតរោងម៉ាស៊ីនកិនស្រូវ , ឃ្លាំងស្តុក និងបណ្ដាញទិញ ដើម្បីធ្វើការសកែច្នៃស្រូវ សម្រាប់នាំចេញ ។

បន្ថែមលើនេះ សម្ដេចតេជោ ក៏បានស្នើឲ្យមានការពិចារណាផងដែរ ឱ្យមកធ្វើការវិនិយោគលើការកែច្នៃដំឡូង ដែលកម្ពុជាមានយ៉ាងច្រើនសម្រាប់ធ្វើការកែច្នៃ និងសម្រាប់ការនាំចេញ ។

ជាងនេះទៀត សម្ដេចតេជោ ក៏បានស្នើ ឲ្យភាគីអេមីរ៉ាត អារ៉ាប់រួម ពិចារណា ជំរុញឲ្យមានកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគផង និងស្នើសុំឲ្យមានការជំរុញការហោះហើរត្រង់ ពីអេមីរ៉ាត អារ៉ាប់រួម មកកាន់កម្ពុជាផង ។

បន្ទាប់ពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើ​ញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA)។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាមានរំពឹងថា អាចទាញផលប្រយោជន៍ជាអតិបរមា។ ក្នុងនោះ កម្ពុជា នឹងមានលទ្ធភាព ក្នុងការធ្វើពិពិធកម្ម ទីផ្សារសម្រាប់ការនាំចេញ ទៅ​កាន់​ប្រទេសអារ៉ាប់រួម និងអាចឈាន ទៅចាប់យកឱកាស ទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។

ចំពោះ​ទំនិញ​សំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ ទន្ទឹមគ្នានេះកម្ពុជា ក៏នឹងពិចារណាក្នុងការនាំចូល មុខទំនិញអាទិភាព ដែលមានគុណ​ភាពខ្ពស់ និងតម្លៃប្រកួតប្រជែង ដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។

តាមរយៈកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់​រួម កាន់តែរស់រវើក ហើយទីផ្សារទំនិញប្រទេសទាំងពីរ កាន់តែទូលំទូលាយផងដែរ៕

To Top