ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យកម្មការិនីមានផ្ទៃពោះម្នាក់ប្រាប់សម្តេចផង នៅពេលសម្រាល ក្រោយយកដៃសម្តេចប៉ះពោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យស្រ្តីជាកម្មការិនីរោងចក្រម្នាក់ ដែលកំពុងមានផ្ទៃពោះ ប្រាប់សម្តេចនៅពេលសម្រាលកូនរួច ។ ការស្នើឲ្យស្រ្តីនោះប្រាប់ ដោយសារកម្មការិនីរូបនេះ បានយកដៃសម្តេច ទៅប៉ះពោះខ្លួន ដើម្បីចង់ឲ្យកូនកើតមកមានភាពវៃឆ្លាតដូចសម្តេច។

ក្នុងឱកាសមុនបន្តជួបសំណេះសំណាលជាមួយកម្មករនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃ៩មិថុនា សម្តេចតេជោក៏បានឆ្លៀតមកជួបផ្ទាល់ជាមួយក្រុមកម្មករ-កម្មការិនី ជាពិសេសជាមួយស្រ្តីមានផ្ទៃពោះ ។ ក្នុងជំនួប សម្តេចក៏បានប្រទះឃើញស្រ្តីមានផ្ទៃពោះម្នាក់ហើយស្រ្តីនោះបានស្ទុះមករកសម្តេចហើយក៏បានទាញដៃសម្តេចទីៅប៉ះពោះខ្លួនឯង ព្រោះតែចង់ឲ្យកូនកើតមកមានភាពឆ្លាតវៃ។

សម្តេចតេជោបញ្ជាក់ថា «ខ្ញុំបានជួបចាប់ដៃជាមួយក្មួយៗចៅៗកម្មករ ។ មិញនេះ មានក្មួយៗស្រីម្នាក់មាន ផ្ទៃពោះបានចាប់ ដៃខ្ញុំឲ្យប៉ះពោះគាត់ដែលគាត់ចង់ឲ្យបានកូនឆ្លាត ។ ខ្ញុំសង្ឃឹមថា កូននឹងកើតមកឆ្លាត ហើយអីចឹងពេលកូន សម្រាលសូមប្រាប់ខ្ញុំផង»។

ជាមួយគ្នានោះដែរ សម្តេចក៏បានចាត់ទុកការអនុញ្ញាតឲ្យកម្មករមានផ្ទៃពោះ ចេញមុនម៉ោង១៥នាទី ជារឿងសំខាន់ ព្រោះខ្លាចពេលចេញម៉ោងដូចគ្នាមានការពិបាក ដោយសារមានការប្រជ្រៀតគ្នាចេញធ្វើឲ្យប៉ះពាល់ដល់ផ្ទៃពោះ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ បានឲ្យរដ្ឋមន្ត្រីសុខាភិបាល និងអភិបាលខេត្តកំពង់ឆ្នាំងយកចិត្តទុក ដាក់ពិនិត្យមើលសុខភាពរបស់ទារកភ្លោះ ដែលបានកើតមុនការកំណត់ នៅពិធីជួបជុំសំណេះសំណាល ជាមួយសម្ដេច កាលពីថ្ងៃ៨ មិថុនា។ ក្នុងករណីនេះ សម្តេចក៏បានឧបត្ថម្ភប្រាក់៥លានរៀលសម្រាប់ឲ្យម្ដាយ-ឪពុកដោះស្រាយបញ្ហា៕

To Top